សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឃាត់ខ្លួនជនបរទេស២នាក់ តាមពាក្យបណ្តឹងពីជនរងគ្រោះ ករណីគាស់ទ្វារផ្ទះលួចគ្រឿងអលង្ការ ក្នុងសង្កាត់និរោធ

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិកូឡំប៊ី ចំនួន០២នាក់ ប្រុស ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ NARYAN YEZID PARDO LOPEZ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែមីនា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។

២.ឈ្មោះ STEVEN JOEI REYES TAMAGO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។

ដំណើររឿង៖ នៅថ្ងៃទី០៩.០៥.២០២០ ដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ករណីគាស់ទ្វារផ្ទះលួចគ្រឿងអលង្ការ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចមូលដ្ឋានបានទៅពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងបុរីហាយធិចលុចហ្សារី ក្បែរផ្ទះកើតហេតុ ឃើញមានជនសង្ស័យ ពីរនាក់ (ប្រហាក់ប្រហែលជនបរទេសខាងលើ)។

លុះដល់ថ្ងៃទី២៣.០៥.២០២០ វេលាម៉ោង១៩.៣០នាទី មានជនបរទេសចំនួនពីរនាក់ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាចូលក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយគ្មានការអនុញ្ញាតពីសន្តិសុខ នឹងមានការសង្ស័យ សន្តិសុខក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ពេលសមត្ថកិច្ចទៅដល់សុំធ្វើការត្រួតពិនិត្យសម្ភារៈ បានឃើញមាន ម៉ូតូ, ទូរស័ព្ទដៃ, ញញួរដែក, ម៉ាលេត, ដង្កាប់អូតូ, ទុលឡឺវីស, ស្រោមដៃ, ស្លាកលេខម៉ូតូដោះទុកក្នុងកែបម៉ូតូ និងសម្ភារៈមួយចំនួន ព្រមទាំងបានធ្វើការសាកសួរដឹងថា ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន ពេលសមត្ថកិច្ចការិយាល័យ ធ្វើកំណត់ហេតុស្តាប់ការបំភ្លឺ ជនបរទេសទាំងពីរនាក់ខាងលើ ពុំមានការសហការល្អ ជាមួយសមត្ថកិច្ច និងពុំព្រមផ្តិតមេដៃលើសំណុំឯកសារសាកសួរឡេីយ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនជនទាំងពីរនាក់ខាងលើ ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យរុស្សី ដើម្បីរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន ។

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោកស្នងការរងទទួលដឹកនាំការងារការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កម្លាំងការិយាល័យបានបញ្ជូនជនបរទេសខាងលើ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ