សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងផ្នែកនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០ និង៤៥នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន សង្កាត់បឹងទំពន់ទី១ លុះដល់ចំណុចផ្លូវលេខ០៨បេតេ ភូមិចំរើនផល សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ (ម៉ូតូចាស់) ដោយមានការសង្ស័យ ក៏បានឃាត់ត្រួតពិនិត្យ ឆែកឆេររកឃើញឧបករណ៍សម្រាប់ឆ្កឹះសោរម៉ូតូ និងសម្រាប់ឆ្កឹះសោរទ្វារផ្ទះមួយចំនួន ដែលជនសង្ស័យលាក់នៅជាប់ខ្លួន និងក្រោមកែបម៉ូតូ។

១-ជនសង្ស័យឈ្មោះ ជា តូច ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។

២-ជនសង្ស័យឈ្មោះ លី ប៊ុនឡុង ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ។

៣-ជនសង្ស័យឈ្មោះ ភៀន សុភ័ណ្ឌ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាមានបំណងដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅចំណុចកើតហេតុ ពិតប្រាកដមែន។ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

ដោយឡែកជនសង្ស័យឈ្មោះជា តូច និងឈ្មោះ លី ប៊ុនឡុង បានលួចយកម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន០១គ្រឿង នៅចំណុចមុខផ្ទះលេខB១ ផ្លូវលេខ៨៥បេតេ ភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២ និង១២នាទី រំលងអាធ្រាត្រ ជារបស់ជនរងគ្រោះឈ្មោះ ហៀក ចាន់ថាត ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូសណ្តោងរ៉ឺម៉ក។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ (ម៉ូតូចាស់) ពាក់ផ្លាកលេខ ភ្នំពេញ 1M6735,សោរចិញ្ចៀនលេខ១០ ចំនួន០២ដើម, សោរចិញ្ចៀនលេខ១២ ចំនួន០១ដើម, សោរទីបលេខ១៤ ចំនួន០១ដើម, ទុលឡីវីស ចំនួន០១ដើម, កន្រ្តៃដងពណ៍ក្រហម ចំនួន០១, សោរទីបលេខ០៨ ចំនួន០១ដើម, ដែកចុងស្រួច ចំនួន០១ដើម និង ទូរស័ព្ទដៃចាស់ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ