សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូសណ្តោងរ៉ឺម៉កលក់នំប៉ាវ

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូសណ្តោងរ៉ឺម៉កលក់នំប៉ាវ នៅចំណុចមុខផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ណុប ដូង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៣៧ ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកលក់នំប៉ាវ។

ជនសង្ស័យឈ្មោះ ស៊ូ សិលា ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ។

ហេតុកាលណ៍នេះកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ជនសង្ស័យ និងបក្ខពួកជនសង្ស័យឈ្មោះ ផ្លក់ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពលួចយកម៉ូតូរ៉ឺម៉កលក់នំប៉ាវរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ ហើយជិះគេចខ្លួនបាត់ និងបានដោះយកសម្ភារៈមួយចំនួន ទុកចោលនៅចំណុចដីឡូត៍មួយកន្លែងនៅម្តុំសង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ។

រហូតដល់វេលាម៉ោង០៥ និង០០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ កំពុងល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យទាំង០២នាក់ មានការសង្ស័យក៏ហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះ ផ្លក់ រត់គេចខ្លួនបាត់ នៅសល់តែជនសង្ស័យឈ្មោះ ស៊ូ សិលា ក៏ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួររួច ជនសង្ស័យឈ្មោះ ស៊ូ សិលា បានសារភាពថាខ្លួន និងបក្ខពួកបានលួចម៉ូតូរ៉ឺម៉កគេ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន។ លុះដល់វេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ បានប្រគល់ជនសង្ស័យឈ្មោះ ស៊ូ សិលា មកឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ធ្វើការសាកសួរបន្តតែម្ដង ។ រហូតដល់វេលាម៉ោង១១ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

វត្ថុតាងចាប់យក៖ ម៉ូតូ ០១គ្រឿងម៉ាក DAELIM ១០០ ពណ៌ ក្រហម គ្មានពាក់ស្លាកលេខ និងម៉ូតូរ៉ឺម៉ក សណ្តោងសម្រាប់លក់នំប៉ាវ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ