សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសបុកមួយមានឈ្មោះថា San Prum ដែលបានចុះផ្សាយថា “ករណីហិង្សាទៅវិញទៅមកស្ទេីរតែមេីលមិនឃេីញរបួស….”

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសបុកមួយមានឈ្មោះថា San Prum ដែលបានចុះផ្សាយថា “ករណីហិង្សាទៅវិញទៅមកស្ទេីរតែមេីលមិនឃេីញរបួស….” ជាក់ស្តែងតាមការរបាយការណ៍ រូបភាព និងការបញ្ជាក់របស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យកដំបងឈើជ្រុងវាយ បណ្ដាលឲ្យបែកក្បាលចេញឈាមដេរ ” ១០ថ្នេរ ” មិនមែនរបួសស្រាលដូចហ្វេសបុក San Prum ចុះផ្សាយនោះទេ ។

ហើយចំណុចមួយទៀតដែលហ្វេសបុកឈ្មោះ San Prum ដែលបានសរសេរថា ” ភាគីទាំងពីរ បានបញ្ចប់ និងសុំដកពាក្យបណ្តឹង បែរជាអធិការថា តុលាការមិនព្រម ” អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សូមបញ្ជាក់លើករណីនេះថា សមត្ថកិច្ចនគរបាលយុត្តិធម៌មិនមានសិទ្ធិដោះស្រាយបញ្ចប់រឿង ឬដោះលែងជនបង្កឡើយ ព្រោះករណីនេះនៅជាប់បណ្តឹង​អាជ្ញា ម្យ៉ាងវិញទៀត ករណីនេះត្រូវបានបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ទៅសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះការសម្រេចយ៉ាងណាគឺជាឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ ។

ដំណើររឿង :

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦ : ០០ នាទី កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលបានបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យកដំបងឈើជ្រុងវាយ បណ្ដាលឲ្យបែកក្បាលចេញឈាម កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ២៣:០០នាទី នៅចំណុចមុខឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន០១នាក់ដែលបានឃាត់ខ្លួនឈ្មោះ ពន ភឿន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមេកាមើលឥវ៉ាន់ ។ ជនរងគ្រោះឈ្មោះ លាវ លីដែត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករ រងរបួសចំនួន ០២ កន្លែង ចំកំភួនដៃខាងឆ្វេង និង បែកក្បាលខាងក្រោយ ដេរចំនួន ១០ថ្នេរ ។

វត្ថុតាងចាប់យកដំបងឈើបន្ទះជ្រុងចំនួន ០១ ដើម ប្រវែង ០.៦ តឹក ។

មុនពេលកើតហេតុថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២៣:០០ នាទី ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងក្រុមការងារ បានផឹកស៊ីជាមួយគ្នា នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ខាងលើ (កន្លែងកើតហេតុ) ពេលផឹកបាន០១ កំប៉ុងជនរងគ្រោះ ក៏ឈប់ផឹក រួចដើរដេក ប៉ុន្ដែដេកមិនលក់ ព្រោះសម្លេងធុងបាសលឺៗពេក ពេលនោះជនរងគ្រោះបានដើរទៅប្រាប់ជនសង្ស័យឲ្យបន្ថយសម្លេង ចំនួន ០៣លើក ប៉ុន្ដែជនសង្ស័យមិនបានបន្ថយសំម្លេងធុងបាសទេ ហើយជនរងគ្រោះបានទៅដកខ្សែព្រីភ្លើង យកទៅដោតកង្ហារនៅកន្លែងខ្លួនដេក ពេលនោះជនសង្ស័យខឹង និងស្រែកខ្លាំងៗ ដាក់ជនរងគ្រោះ រួចក៏យកដំបងបន្ទះឈើជ្រុងចំនួន ០១ ដើម វាយទៅលើជនរគ្រោះ ចំនួន ០២ ដំបង ត្រូវចំដៃខាងឆ្វេង និងបែកក្បាលខាងក្រោយចេញឈាម រួចជនរងគ្រោះរត់ចេញក្រៅពីរបងឃ្លាំង និងស្រែកឲ្យគេជួយ ភ្លាមនោះក៏បានសន្ដិសុខ ហៅឡានសង្គ្រោះ នាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យ ម្ដុំផ្សារដេប៉ូ ។ លុះដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០ នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅវេលាម៉ោង ១៦ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ