សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សេចក្តីបំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

កាលពី​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង ០២:៣០នាទី នៅក្នុង​ហាង​ឈ្មោះ គូ​ស៊ាំ​ង​យៀន ស្ថិតនៅ​ផ្ទះ​លេខ៣៥៤ ផ្លូវ​ព្រះមុនីវង្ស ភូមិ២ សង្កាត់​បឹង​កេងកង១  ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មាន​ជនជាតិ​ចិន​ចំនួន០៦នាក់ បាន​ចូលមក​ហូបចុក ផឹកស្រា​ស្រវឹង​ជោគជាំ ក៏មាន​ទំនាស់​ពាក្យសម្តី និង​បាន​បង្ក​ហិង្សា​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ហាង​មួយចំនួន។

អំឡុងពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​បានឃើញ​ព្រឹត្តិការណ៍​នោះ ក៏បានផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខណៈនោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ជនជាតិ​ចិន​ទាំង០៦នាក់​នោះ បាន​ចាក​ចេញពី​ទីតាំង​កើតហេតុ​នោះ​ហើយ រីឯ​ម្ចាស់​ហាង​បាន​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់​ហាង​សាជាថ្មី។

ដោយ​យល់ឃើញថា​ជនជាតិ​ចិន​ទាំង ០៦នាក់​នោះ គឺ​ជា​ភ្ញៀវ​ប្រចាំ​ហាង​ខាងលើ ម្ចាស់​ហាង​បាន​សម្របសម្រួល​ស្នើសុំ​សមត្ថកិច្ច​មិន​ឲ្យ​ធ្វើ​កំណត់ហេតុ និង​ដាក់​ពាក្យបណ្ដឹង​អ្វី​នោះទេ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ប្រមែប្រមូល​ព័ត៌មាន វត្ថុតាង និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ស្នើសុំ​ការពិនិត្យ​សម្រេច​ដោះស្រាយ​ករណីនេះ​តាម​នីតិវិធី​ច្បាប់។

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណៈជន និង​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​រិះគន់​ក្នុងន័យ​ស្ថាបនា  យើងខ្ញុំ​សូម​អំពាវនាវ ដល់​សាធារណ:ជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ្យ​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ