សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ចំពោះករណីគណនីហ្វេសបុកមួយឈ្មោះ អ៊ឹម សុភាព ដែលបានចុះផ្សាយខុសពីការពិត “ថាប្អូនប្រុសគាត់គ្រោះថ្នាក់ចរាចរណ៍រដ្ឋ មិនចេញលុយ បែរជាគ្រួសាររ៉ាប់រងទៅវិញ តើគួរ ឬមិនគួរ”

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ថ្មីៗក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យឃើញគណនីហ្វេសបុកមួយឈ្មោះ អ៊ឹម សុភាព ដែលបានចុះផ្សាយខុសពីការពិត “ថាប្អូនប្រុសគាត់គ្រោះថ្នាក់ចរាចរណ៍រដ្ឋមិនចេញលុយ បែរជាគ្រួសាររ៉ាប់រងទៅវិញ តើគួរ ឬមិនគួរ “។

យើងខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារអត្ថបទ ដែលបានផុសលើគណនីហ្វេសបុកឈ្មោះ អ៊ឹម សុភាព គឺជាការអត្ថាធិប្បាយមិនពិតប្រាកដ ផ្ទុយពីការពិតទាំងស្រុង ។

ធាតុពិតគឺលោកអនុសេនីយ៍ឯក អ៊ឹម ធាវី ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ភ្លាមៗនោះ ត្រូវបានក្រុមការងារយកដាក់ខ្ពស់ដោយបានបញ្ជូនគាត់ទៅសង្គ្រោះ និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ថ្ងៃបន្ទាប់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខមន្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងក៏មានការចុះសួរសុខទុក្ខរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីរួមការងារផងដែរ ក្នុងរយ:២២ថ្ងៃ (០៨ ដល់ ៣០ មិថុនា ឆ្នាំ២០២០ ) នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថ្នាក់ដឹកនាំ លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីរួមការងារ បានសួរសុខទុក្ខផ្ទាល់ដល់មន្ទើពេទ្យ ចំនួន០៣លើក និងបាននាំយកថវិកាឧបត្ថម្ភចំនួនន២,០០០,០០០ រៀល ផ្តល់ជូនគាត់ និងគ្រួសារដើម្បីជួយសម្រាលបន្ទុកចំណាយលើការព្យាបាល ។

បន្ថែមពីនេះទៀត លោកអធិការ និងលោកនាយប៉ុស្តិ៍ បានជួយរៀបចំឲ្យមានបន្ទប់សម្រាកព្យាបាលសមរម្យ និងបានជួយធ្វើការសម្របសម្រួល ដេីម្បីឲ្យមន្ទីរពេទ្យជួយសម្រួលលើតម្លៃសម្រាកព្យាបាលនេះផងដែរ ជាក់ស្តែងជាទូទៅសម្រាប់ការព្យាបាលទាំងថ្លៃបន្ទប់ និងថ្លៃថ្នាំគឺ ៤០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំ មន្ទីរពេទ្យបានគិតថ្លៃត្រឹមតែ ២០ដុល្លារក្នុងមួយថ្ងៃ ដូច្នេះសម្រាប់ការសម្រាកព្យាបាលនៅមន្ទីររយ:ពេល ២២ថ្ងៃនេះគឺចំណាយសរុបអស់ប្រហែលជា ៤៤០ដុល្លារ ស្របពេលដែលប្រធានអង្គភាព និងមន្ត្រីរួមការងារជួយឧបត្ថម្ភសរុបបានថវិកាចំនួន ៥០០ដុល្លារ ។

ដូច្នេះថវិកាដែលបានមកពីការជួយឧបត្ថម្ភរបស់អង្គភាព គឺអាចជួយសម្រាលបន្ទុកចំណាយលើការសម្រាកព្យាបាលរបួស នេះគឺបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ មន្ត្រីរួមអាជីពបានខិតខំជួយជ្រោមជ្រែង និងធ្វើបានតាមលទ្ធភាពដែលយើងខ្ញុំមាន ។

យើងខ្ញុំពិតជាសោកស្តាយ និងខកចិត្តចំពោះការអត្ថាធិប្បាយរបស់គណនីហ្វេសប៊ុកខាង ដែលត្រូវជាសាច់ញាតិមន្ត្រីរងគ្រោះ ចងក្រងខ្លឹមសារបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមខ្វះមួលដ្ឋាន និងផ្ទុយពីការពិត ។

សូមបញ្ជាក់ជូនថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែឆ្លៀតពេលដើម្បីចុះសួរទុក្ខមន្ត្រីដែលជួបគ្រោះថ្នាក់ មន្ត្រីកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ និងគេហដ្ឋាន ឬមន្ត្រីមានបញ្ហាផ្សេងៗជាប្រចាំ ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តមតែងតែនាំយកជាថវិកា និងសម្ភារ:មួយចំនួនជួយឧបត្ថម្ភ ដើម្បីជាការលើកទឹកចិត្តក៏ដូចជាការជួយសម្រួលមួយផ្នែកសម្រាប់ការព្យាបាលផងដែរ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ