សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួចគាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វារ ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ករណីលួចគាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ាង វួចណៃ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ V០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

ជនសង្ស័យឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនៅកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣:៣០នាទី ជនសង្ស័យបានដើរចេញពីផ្ទះជួលរបស់ខ្លួន មកពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លុះដល់ម៉ោងកើតហេតុជនសង្ស័យក៏បានឡើងតាមដំបូលខាងក្រោយ នៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើសកម្មភាពយកដៃទាញគាស់បង្អូចផ្ទះរបស់ជនរងគ្រោះ ដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បានសម្រេចរួចគេចខ្លួនបាត់។

វត្ថុតាងចាប់យក៖ ប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក (ពីរម៉ឹនពីរពាន់ដុល្លារអាមេរិក), នាឡិកាដៃចំនួន ០១ គ្រឿងម៉ាកLONGINE ខ្សែពណ៌ ខ្មៅ, ទូរសព្ទ័ដៃម៉ាក អាយហ្វូនអ៊ីចម៉េក ពណ៌ទឹកមាស ស៊ីម ចំនួន០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone១១ProMax ពណ៌បៃតង ចំនួន ០១ គ្រឿង។

សម្ភារៈបាត់បង់៖ ដុំមាសមួយដុំ ទម្ងន់ កន្លះគីឡូ, ប្រាក់រៀលចំនួន៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, ពេជ្រពីរឈុត តម្លៃ៣៨,០០០ដុល្លារអាមេរិក, ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ប្រូ ចំនួន ០១គ្រឿង.

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ