ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលធ្វើដំណើរមកពីប្រេស៊ីល ដែលមានលក្ខណៈខុសពី ប្រភេទដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។
ក្រសួងបាននិយាយកាលពីថ្ងៃអាទិត្យថា វ៉ារ្យ៉ង់ថ្មី នៃវីរុសនេះ ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តលើបុរសម្នាក់ក្នុងអាយុ ៤០ឆ្នាំ ស្ត្រីម្នាក់មានអាយុ ៣០ឆ្នាំ និងក្មេងជំទង់ពីរនាក់ នៅឯអាកាសយានដ្ឋាន ។
បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងធ្វើការជាមួយប្រទេសដទៃទៀត អង្គការសុខភាពពិភពលោក និងអ្នកជំនាញវេជ្ជសាស្រ្តផ្សេងទៀត ដើម្បីវិភាគលើវីរុសប្រភេទថ្មីនេះ ហើយគេនៅមិនទាន់ដឹងច្បាស់ថាតើ វ៉ាក់សាំង ដែលអាចប្រើបាន នឹងមានប្រសិទ្ធភាពលើវីរុសកូវីដថ្មីនេះ ឬអត់។
គួរបញ្ជាក់ផងដែរថា ករណីវីរុសកូវីដ-១៩ ប្រភេទវ៉ារ្យ៉ង់ថ្មី ប្រហែលជា ៣០ករណី មកពីចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងត្រូវបានគេរាយការណ៍ថារកឃើញនៅក្នុងប្រទេសជប៉ុន។
ប្រទេសជប៉ុនបានប្រកាសពីភាពអាសន្នសម្រាប់តំបន់តូក្យូ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ កន្លងទៅនេះ ដោយស្នើឱ្យភោជនីយដ្ឋាន និងបារបិទនៅម៉ោង ៨ យប់៕
ប្រភព ៖ timesofindia.indiatimes.com