សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីលួច និងប្រព្រឹត្តអំពើហិង្សាប្រើដាវកាប់យកម៉ូតូ

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីលួច និងប្រព្រឹត្តអំពើហិង្សាប្រើដាវកាប់យកម៉ូតូ នៅចំណុចមុខផ្ទះកាត់កញ្ចក់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កាន់ កុសល ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រកាត់ដេរ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ស្រី អន ហៅ ពៅ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ប៉ិល ឡែន ហៅ ប៉ារ៉ា ហៅ នាគ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ ខាត់ សុភ័ក្រ្ត ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:០០នាទី រំលងអធ្រាត្រ នៅចំណុចកន្លែងកើតហេតុជនសង្ស័យឈ្មោះ ស្រី អន កំពុងឈររង់ចាំភ្ញៀវដែលមករកសេវាផ្លូវភេទ ពេលនោះជនរងគ្រោះជិះម៉ូតូមកឈប់និយាយតម្លៃជាមួយជនសង្ស័យ ដើម្បីនាំទៅរួមភេទ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០៣ នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូចំនួន ០២គ្រឿង ប្រដាប់ដោយដាវកែច្នៃចំនួន ០១ដើម មកកាប់លើជនរងគ្រោះ បណ្ដាលឲ្យរបួសក្បាលពីខាងក្រោយចំនួន ០១កន្លែង និងកញ្ចឹងកចំនួន ០១ កន្លែង។

ខណៈនោះជនរងគ្រោះ បានផ្តួលម៉ូតូចោលរត់គេចខ្លួនតែម្តង បន្ទាប់មកជនសង្ស័យឈ្មោះ ស្រី អន បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ លុះដល់ម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ ដើម្បីឲ្យជួយស្រាវជ្រាវរក បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានចុះស្រាវជ្រាវរហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រី អន និងប្ដីឈ្មោះ ប៉ិល ឡែន នៅចំណុចផ្ទះជួល ផ្លូវ លំ ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ខាងលើរួច បានឆ្លើយសារភាពថាចំពោះម៉ូតូរបស់ជនរងគ្រោះ ពួកគេបានឲ្យបក្សពួក០២នាក់ផ្សេងទៀត ឈ្មោះ ខាត់ សុភ័ក្រ្ត និងឈ្មោះ ឈឹមយកទៅលក់ ក្រោយទទួលព័ត៌មានសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ្ត យកមកធ្វើការសាកសួរបន្ត ចំណែកជនសង្ស័យឈ្មោះ ឈឹម និងបក្ខពួក ០៣នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ