សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០:២០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាល ស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ នៅចំណុចមុខសណ្ឋាគារភ្នំពេញ ផ្លូវព្រះមុន្នីវង្ស (៩៣) ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុន ភារុណ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងលក់ស៊ុប ទីលំនៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

១-ជនសង្ស័យឈ្មោះ សៀ វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិដើមខ្វិត សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

២-ជនសង្ស័យឈ្មោះ ណា សុខដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះមិនចាំលេខ ផ្លូវលេខ២០២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងជំនាញបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌាតាមបណ្តោយផ្លូវព្រះមុន្នីវង្ស (៩៣) ពីទិសខាងជើង ទៅត្បូង បំណងទៅផ្ទះបងប្អូននៅផ្លូវវេងស្រេង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY I មកពីក្រោយអែបម៉ូតូកង់បីឥណ្ឌាខាងស្តាំដៃ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច ជិះគេចខ្លួន។

ភ្លាមនោះជនរងគ្រោះ បានស្រែកផ្អើលឆោឡោដេញតាមពីក្រោយ ទៅដល់ចំណុចមុខសណ្ឋាគារ ឡឺរ៉ូយ៉ាល់ សង្កាត់វត្តភ្នំ ស្របពេលនោះកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ទៅដល់ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីសាកសួរ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក realme ពណ៌ក្រហម, ម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY I ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GW-0160 ជារបស់ជនសង្ស័យឈ្មោះ ណា សុខដា។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ