កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលា១៧:៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាល ខណ្ឌបឹងកេងកង បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ករណីគាស់ទម្លុះទម្លាយ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ១៩៩ កែង៣៥៨ ក្រុមទី៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ ក្រោយពីឃាត់ជនសង័្សយខ្លួនខាងលើ កម្លាំងជំនាញបន្ដស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ករណីទទួលផលចោរកម្ម នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប៉េង អ៊ូ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ផ្លូវ៣៨៤ ក្រុមទី៣៩ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: លក់ដូរ ។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ សុខ ម៉ាច ហៅអាម៉ាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្ដុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរៈ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។
២- ឈ្មោះ ភា ត្រេន ហៅអាត្រេន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវ១៩៩ កែង៣៥៨ ក្រុមទី៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ ( ប្រើប្រាស់គ្រឿងញៀន) ។
៣-ឈ្មោះ ជួន ជឿន ហៅជឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: ស៊ីនទ្រី។
មុនពេលកើតហេតុ វេលាម៉ោង០០:៣០នាទី ជនសង័្សយ ឈ្មោះ សុខ ម៉ាច ហៅអាម៉ាច, ឈ្មោះ ភា ត្រេន ហៅអាត្រេន រួមនិងបក្ខពួកម្នាក់ទៀត ជិះម៉ូតូ០១គ្រឿងម៉ាកវីវ៉ា អូសរម៉កអេតចាយ មកធ្វើសកម្មភាពគាស់ទម្លុះទម្លាយ លួចសម្ភារៈរបស់ជនរងគ្រោះបានសម្រេច នៅចំណុចផ្ទះលេខ២ ផ្លូវ៣៨៤ ក្រុមទី៤១ ភូមិ៥ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ហើយគេចខ្លួនបាត់។
ក្រោយមកក្រុមជនសង្ស័យយកទៅលក់អោយឈ្មោះ ជួន ជឿន បានតម្លៃ៣០០ លុះរហូតដល់វេលាម៉ោង ១៧:៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួននាំយកមកសាកសួរនៅអធិការនគរបាលខណ្ឌបឹងកេងកង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕