សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣:៣៥ នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវគ្មានលេខ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ CHU GUANGZHI ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះសំណាក់អេភល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់។

កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ១០ដេ ផ្លូវលេខ១១០បុរីញូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន​ជនសង្ស័យ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ ម៉ក់ ឧត្តមបញ្ញា ហៅ ប៊យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ ម៉ន ដេវីត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ហ៊ គឹមហាវ ហៅ ហៃ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១IW០៧៧២ ជារបស់ជនសង្ស័យ និងទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាក XIAO MI ព៌ណខ្មៅ។ ក្រោយកើតហេតុកម្លាំងជំនាញ បានប្រគល់ទូរស័ព្ទឲ្យជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ