សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២០ និងដកពិសោធន៍ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ. បក ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីការិយាល័យ លោកអធិការ អធិការរង ទទួលការងារចរាចរណ៍នៃអធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ នាយ នាយរងផ្នែក និងប្រធានគោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់ និងពេលថ្ងៃ ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ ជូនអង្គប្រជុំ ស្តីពីកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានអានបាយការណ៍បូកសរុបលទ្ធផលជូនអង្គប្រជុំ ស្តីពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយ:ពេល ០៥ខែនៃការអនុវត្តកន្លងមកនេះ ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនការងារចរាចរណ៍ ក៏បានធ្វើការបង្ហាញដល់អង្គប្រជុំស្តីអំពីបទពិសោធន៍ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ដើម្បីចូលរួមសហការ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ សមាជិកនៃអង្គប្រជុំត្រូវបានអនុញ្ញាតិឲ្យមានការចូលរួមមតិយោបល់ ចែករំលែកបទពិសោធន៍ លើកឡើងនៅបញ្ហាប្រឈមផ្សេងៗ ដែលកើតមានឡើងនៅពេលចុះអនុវត្តការងារជាក់ស្តែង រាល់ចម្ងល់ និងសំណួរផ្សេងៗ ត្រូវបានធ្វើការពន្យល់បកស្រាយយ៉ាងក្បោះក្បាយ ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការរង ទទួលផែនការងារចរាចរណ៍។

ជាកិច្ចបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានចូលរួមលះបង់ សហការអនុវត្តការងារបានយ៉ាងល្អ ជាពិសេសការរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកអស់រយ:ពេល៥ខែកន្លងមកនេះ បានយ៉ាងរលូន។

ជាមួយនោះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការការពារក្បួនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសកម្លាំងទាំងអស់ត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ និងកាត់សក់ខ្លីជានិច្ច។

ឯកឧត្តមស្នងការ បានបញ្ជាក់បន្ថែមដល់គ្រប់ប្រធានអង្គភាពទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទ ត្រូវចេះធ្វើការជួបប្រជុំ សណេះសំណាល ធ្វើការណែនាំអប់រំដល់មន្ត្រីទាំងអស់ ដើម្បីចូលរួមគោរពច្បាប់ គោរពវិន័យកងកម្លាំង ស្លៀកពាក់ឲ្យបានសមរម្យ កាត់សក់ខ្លីជានិច្ច ត្រូវធ្វើយ៉ាងណាកុំឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ទៅប្រព្រឹត្តអ្វីដែលល្មើសពីច្បាប់ ឬវិន័យកងកម្លាំង។

បន្ថែមពីលើនេះទៀត ឯកឧត្តមស្នងការ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវចូលរួមហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវតែចូលរួមធ្វើអនាម័យឲ្យបានស្អាតនៅកន្លែងធ្វើការ៕

     

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ