នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងពិធីនេះដែរក៏មានចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបេសកម្មពិសេស ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមសន្ដិបណ្ឌិត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញ ឯកឧត្ដម អភិបាលរង តំណាងឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្ដម អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កងកម្លាំងនគរបាល និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ។
ជាកិច្ចចាប់ផ្តើមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញឡើងអានសុន្ទរកថា ស្វាគមន៍ពិធីសម្ភោធសមិទ្ធផលថ្មី អំពីប្រវត្តិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រចនាសម្ព័ន្ធ ស្ថានភាព និងការសាងសង់ ប្រភពថវិកាសម្រាប់ចំណាយលើការសាងសង់ លទ្ធផលសង្ខេបនៃកិច្ចប្រតិបត្តិការ បញ្ហាប្រឈម ទិសដៅបន្ត និងការប្តេជ្ញាចិត្ត ដើម្បីខិតខំបន្ថែមទៀតក្នុងការដឹកនាំកងកម្លាំងនគរបាលរាជធានីភ្នំពេញ ធានាការពារសុខសន្តិភាព ធានាឲ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្មោះត្រង់ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ ភក្តីភាព និងមនសិការវិជ្ជាជីវ: ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចក្រឡោហោម បានអញ្ជើញមានប្រសាសន៍កោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានកៀរគរថវិកា ដោយជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជនជាតិ អន្តរជាតិ រហូតដល់ការសម្រេចសាងសង់ ១០០% ក៏ដូចជាការកោតសរសើរដល់កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតសម្តេចក៏បានកោតសរសើរដល់ការគ្រប់គ្រងដឹកនាំបញ្ជាកម្លាំងបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។
ជាមួយនោះដែរសម្តេចបានផ្តល់មតិដឹកនាំ និងណែនាំល្អៗជាច្រើនដល់អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា ផ្តល់សេវាចាំបាច់ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ។
មុននឹងបញ្ចប់សម្តេចក៏បានអញ្ជើញបំពាក់មេដាយ និងប្រគល់បណ្ណសរសើរ ជូនដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានជួយឧបត្ថម្ភជាថវិកាដើម្បីរួមចំណែកក្នុងការសាងសង់អគារស្នងការថ្មីនេះ និងបានចែកអំណោយដល់និវត្តន៍ជនចំនួន ១១០នាក់ផងដែរ ។
ជាកិច្ចបញ្ចប់សម្តេច និងគណ:អធិបតី បានអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានអញ្ជើញទស្សនាពិពណ៌ជុំវិញស្នងការដ្ឋាន និងកន្លែងធ្វើការរបស់មន្ត្រីតាមជាន់នីមួយៗ ៕