សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា​ និងទិសដៅបន្តប្រចាំខែកុម្ភ: របស់ផែនការងារចរាចរណ៍​

នៅព្រឹកថ្ងៃទី១១​ ខែកុម្ភ: ឆ្នាំ២០២២​ នៅសាលប្រជុំថ្មីនៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែមករា​ និងទិសដៅបន្តប្រចាំខែកុម្ភ: របស់ផែនការងារចរាចរណ៍​ ។ ក្នុងពិធីនេះដែរ​ ក៏មានការចូលរួមពីលោក​ លោកស្រី​ស្នងការរង​ លោកនាយ​ នាយរងការិយាល័យចរាចរណ៍ផ្លូវគោក​ លោកអធិការនគរបាលខណ្ឌទាំង១៤​ និងលោកប្រធានក្រុមគោលដៅ​ បញ្ជាចរាចរណ៍ទាំងអស់​ ។

ជាកិច្ចចាប់ផ្តើមលោកនាយការិយាល័យចរាចរណ៍ផ្លូវគោក​ បានធ្វើការរាយការណ៍ជូនអង្គប្រជុំអំពីកិច្ចការដែលបានអនុវត្តក្នុងខែមករា​ ដូចជាលទ្ធផលដែលអនុវត្តបាន​ ដំណោះស្រាយ​ បញ្ហាប្រឈម​ ក៏ដូចជាផែនការដើម្បីអនុវត្តបន្តនៅខែបន្ទាប់​ ។ ក្នុងឱកាសនោះដែរក៏មានការចូលរួមមតិពីលោកស្នងការរង លោកប្រធានគោលដៅបញ្ជាចរាចរណ៍មួយចំនួន ទាក់ទងទៅនឹងការអនុវត្តការងារជាប្រចាំ ការជួយសម្រួលចរាចរណ៍ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងក្នុងការងារអនុវត្តការងារតាមគោលដៅ ។

ជាមួយនោះដែរឯកឧត្តមស្នងការ បានធ្វើការណែនាំដល់កម្លាំងចរាចរណ៍ទាំងអស់​ គ្រប់គោលដៅត្រូវទទួលខុសត្រូវខ្ពស់​បំផុត​ លើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ​ ជួយសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះ​ ជាពិសេសត្រូវល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗ​ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ​ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មុននឹងចេញ​ អនុវត្តការងារតាមគោលដៅ​ ត្រូវតែធ្វើការត្រួតពិនិត្យមេីលឱ្យបានល្បាស់លាស់លើការស្លៀកពាក់​ ឱ្យបានត្រឹមត្រូវ​ ស្អាតបាត​ ស័កសមជាកងកម្លាំងនរបាលជាតិ​
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានផ្តល់មតិណែនាំល្អៗជាច្រើន ដល់សមាជិកនៃអង្គប្រជុំ ជាពិសេសការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវមានការបែងចែក តួនាទីភារកិច្ច លោកនាយរងការិយាល័យទាំងអស់ ត្រូវតែចុះត្រួតពិនិត្យកម្លាំងតាមគ្រប់គោលដៅ ពិនិត្យទាំងសម្ភារ: ព្រមទាំងធ្វើការណែនាំអនុវត្តការងារឲ្យបានត្រឹមត្រូវ អនុវត្តប្រកបដោយកាយវិការ និងប្រើប្រាស់សម្តីឲ្យបានសមរម្យ លុបបំបាត់ឲ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ណែនាំ ឲ្យគ្រប់គោលដៅត្រួតពិនិត្យមិនឲ្យមានរ៉ឺម៉កដឹកធ្យូង ដឹកសម្លៀកបំពាក់ ចូលទីតាំង ឬផ្លូវដែលសាលារាជធានីភ្នំពេញ បានធ្វើការហាមឃាត់ មួយវិញទៀតនៅពេលប្រជាពលរដ្ឋបើកបរល្មើសច្បាប់ សូមពន្យល់ណែនាំគាត់ឲ្យបានច្បាស់អំពីកំហុសរបស់គាត់ ជាមួយសម្តី និងកាយវិការសមរម្យ ជាពិសេសរាល់ការផាកពិន័យត្រូវតែចេញបណ្ណផាកពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ ហាមមិនឲ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោគជាំ ជាមួយអ្នកបង្កការអុកឡុកនៅទីកន្លែងកើតហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម ត្រូវនាំបុគ្គលដែលប្រព្រឹត្តខុសទាំងនោះយកមកសួរនាំនៅអង្គភាព ត្រូវអនុវត្តចំពោះរថយន្តធុនធំ ដែលចូលខុសម៉ោង មួយវិញទៀត កម្លាំងចរាចរណ៍គ្រប់គោលដៅ ត្រូវតែជួយសម្រួលចរាចរណ៍ឱ្យបានល្អ ចំពោះក្បួនរថយន្តអាទិភាព ដូចជាក្បូនថ្នាក់ដឹកនាំកំពូលៗ ក្បូនគណប្រតិភូជាតិ អន្តរជាតិ ក៏ដូចជារថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គោះបន្ទាន់ ។ល។

សូមគ្រប់អង្គភាពទាំងអស់ត្រូវតាមដានរាល់ព័ត៌មាន ប្រមូលព័ត៌មាន និងសង្ខេបមកឲ្យអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការបកស្រាយ ឆ្លេីយតប និងផ្តល់ព័ត៌មានបន្តទៅតាមសារព័ត៌មានផ្សេងៗ ដេីម្បីផ្សព្វផ្សាយបន្ត ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ