គ្រួសាររាប់រយគ្រួសារនៅក្នុងខេត្តចំនួន ៣ នៃប្រទេសកម្ពុជា គឺខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ត្រូវបានបង្ខំឱ្យជម្លៀសចេញ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលបញ្ជាក់ពីការមកដល់នៃវិសម្ពាធទាប់ទូទាំងតំបន់មេគង្គ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីយប់ថ្ងៃសៅរ៍ថា “កុមារអាយុ ២ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ បានលង់ទឹកស្លាប់ដោយសារទឹកជំនន់” ។
នៅភាគកណ្តាលប្រទេសវៀតណាម ទឹកភ្លៀងជិតមួយម៉ែត្របានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្ស ៥នាក់ បានស្លាប់និង ៨នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈទឹកជំនន់បានជន់លិចផ្ទះជាង ៣៣.០០០ខ្នង និង បង្ខំឲ្យ មនុស្សជាង ២៦.០០០នាក់ ជម្លៀសចេញ។
នៅក្នុងប្រទេសថៃ ផ្លូវថ្នល់ប្រែទៅជាទន្លេ និងទឹកបានលិចលង់ទ្រព្យសម្បត្តិនៅក្នុងខេត្ត ណាខនរ៉ាក់ស៊ីម៉ា របស់ប្រទេសថៃ ខណៈពេលដែលអ្នកស្រុកបាននាំគ្នាដាក់បាវខ្សាច់ដើម្បីទប់ទឹក និងរើឥវ៉ាន់ទៅកន្លែងខ្ពស់។
អភិបាលខេត្តលោក វីចៀន ចន្ត្រានុតថៃ បានមានប្រសាសន៍ថា សង្កាត់ប៉ាកជុងគឺជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយមានប្រជាជន ៨០០០ គ្រួសារ និងប្រជាជនចំនួន ១២.០០០នាក់ រងផលប៉ះពាល់។ ផ្ទះប្រមាណ ២០០ខ្នង ត្រូវបានជន់លិច។
អាជ្ញាធរកំពុងចែកចាយកញ្ចប់ស្បៀងអាហារ និងជំរុញឱ្យប្រជាជនជម្លៀសទៅទីជម្រកសហគមន៍។
នៅក្នុងប្រទេសឡាវ ទឹកជំនន់ដែលកំពុងកើនឡើងបានធ្វើឱ្យខូចខាតដល់ភូមិ និងវាលស្រែនៅតាមដងទន្លេ សេផុន និងស៊ីបេងហៀង ក្នុងខេត្ដសាវ៉ាន់ណាកេត ដោយមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ៕
ប្រភព ៖ www.aljazeera.com