- ព័ត៌មានជាតិ ១៧ វិច្ឆិកា ២០២០
ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់នូវសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។ សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត បានចំនួន១៤ខ្នងផ្ទះ មនុស្ស១៤៥នាក់ ស្រី៧៤នាក់ អាយុ១៨ឆ្នាំឡើង ១៣៨នាក់ ស្រី៦៥នាក់។ ជាមួយនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្រោយពីក្រុមការងារនគរបាលសហគមន៍ បានយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មកចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
- ព័ត៌មានជាតិ ១៧ វិច្ឆិកា ២០២០
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញផ្សារអូរឫស្សី
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោកប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងការិយាល័យ សណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ជុំវិញផ្សារអូរឫស្សី ដែលបងប្អូនអាជីវករយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ដោយអនុញ្ញាតឲ្យលក់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើង ជនពិការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ក្នុងឱកាសនោះដែរ ក្រុមការងារបានអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ មិនឲ្យលើសពី១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ៕
- ព័ត៌មានជាតិ ១០ វិច្ឆិកា ២០២០
កម្លាំងជំនាញរបស់ការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបាញ់សម្លាប់មេរោគនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ដោយមានការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យលោកវរសេនីយ៍ឯក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងរបស់ការិយាល័យ សុខាភិបាល ចុះបាញ់សម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅកន្លែងធ្វើការងារ របស់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ហើយក្នុងអង្គភាព និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បានបំពាក់នូវឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ និងស្កេតកំដៅមុននឹងអនុញ្ញាត្តឲ្យបំពេញការងារក្នុងអង្គភាព។ ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក បានផ្សព្វផ្សាយណែនាំជាប្រចាំដល់មន្រ្តីនគរបាលទាំងអស់ ឲ្យបន្តអនុវត្តវិធានការអនាម័យ និងពាក់ម៉ាស់ជាប្រចាំមុនចេញ-ចូលអង្គភាព ដើម្បីចូលបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩៕
- ព័ត៌មានជាតិ ៦ វិច្ឆិកា ២០២០
វេទិការសាធារណៈត្រួតពិនិត្យ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ៧មករា
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៥ របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បាន រៀបចំប្រជុំវេទិការសាធារណៈ ដោយមានការអញើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ៧មករា , អភិបាលរង ខណ្ឌ៧មករា, អធិការរង ខណ្ឌ៧មករា , អាវុធហត្ថ ខណ្ឌ៧មករា , លោក ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍។ ក្នុងវេទិការសាធារណៈនេះដែរ ក៏មានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ២៣៤នាក់ ស្រី ១៣៨ នាក់។ តាមរយៈការពិភាក្សា លោកប្រធានភូមិ បានលើកឡើងពីបញ្ហាផ្សេងៗដូចជា ក្មេងជក់ និងប្រើប្រាស់គ្រឿងញៀនតាមបង្គន់ស្ថានីយ៍សាំង និងលើអគារក្នុងបុរីកីឡា។ ក្នុងឱកាសនោះ ក្រុមការងារ បានថ្លែងអំណរគុណ និងសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ត្រូវដាក់លក់ឲ្យសណ្តាប់ធ្នាប់ ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងបានធ្វើចរាចរណ៏ទៅមក៕
- ព័ត៌មានជាតិ ៥ វិច្ឆិកា ២០២០
កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា
នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា តាមដងផ្លូវដែលមានការកកស្ទះដូចជា តាមបណ្តោយផ្លូវលេខ២១៧ ផ្លូវលេខ២៧៤ ផ្លូវលេខ១០៧ ផ្ដែលូវលេខ១០៩ ដែលបងប្អូនមួយចំនួនយកចិញ្ចើមថ្នល់ ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ដោយឲ្យដាក់លក់បណ្តោះអាសន្ន ១/៣ នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងបានធ្វើចរាចរណ៏ទៅមកបានជាពិសេសតំបន់ផ្សារ៕
- ព័ត៌មានជាតិ ៣ វិច្ឆិកា ២០២០
ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា
នៅថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ2020 ក្រុមការងារនគរបាលសហគមន៍ បានចុះសំណេះសំណាលតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឬស្សី២, អូរឬស្សី៤ និងបឹងព្រលឹត ព្រមទាំងបានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់មាន សុវត្តិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងផ្តល់នូវសៀវភៅស្នាក់ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។ សរុបរួមជាលទ្ធផលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣ បានចំនួន៤៧ខ្នងផ្ទះ មនុស្ស៣៧៤នាក់ ស្រី២៣៧នាក់ អាយុ១៨ឆ្នាំឡើង ៣៣២នាក់ ស្រី២២៤នាក់។ ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយពីវិធីការពារជម្ងឺឆ្លងកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
- ព័ត៌មានជាតិ ២៩ តុលា២០២០
កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត ការងារប្រចាំខែវិច្ឆិកា របស់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៣០នាទី នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ ក្នុងពិធីសម្ភោធអគារអធិការដ្ឋាន ក្រោមការដឹកនាំរបស់លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលខុសត្រូវដឹកនាំពង្រឹងការងារ នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់គណៈអធិការ លោកនាយប៉ុស្តិ៍ទាំង១១ លោកនាយ-នាយរង និងមន្ត្រីតាមបណ្តាផ្នែកទាំងអស់សរុបចំនួន ៩១រូប៕
- ព័ត៌មានជាតិ ២៨ តុលា២០២០
គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខណ្ឌ៧មករា ចុះសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពជាសមាជិក ចំនួន០២គ្រួសារ
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១០:៣០នាទី គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខណ្ឌ៧មករា បាននាំយកថវិការមរណៈសង្គ្រោះ ៨,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសពចំនួន ២គ្រួសារ ជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា សង្កាត់វាលវង់ និង សង្កាត់បឹងព្រលិត ដោយក្នុង១គ្រួសារទទួលបានថវិការចំនួន ៤,០០០,០០០រៀល ក្រោមអធិបតីភាពលោក តោ វីរូ អភិបាលរងខណ្ឌ៧មករា ជាតំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធាន កិត្តិយស ស.អ.ក ខណ្ឌ៧មករា និងលោកវរសេនីយ៍ទោ អាំង មុន្នី អធិការរងខណ្ឌ ជាតំណាងលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា និងជាប្រធាន ស.អ.ក ខណ្ឌ៧មករា។ ក្នុងឳកាសនោះដែរ ក៏មានការចូលរួមពីលោក ប្រាក់ ហាក់ ប្រធានយោធភូមិភាគពិសេសខណ្ឌ៧មករា, លោក ងី ថារ៉ន អនុ.ប្រធានការិយាល័យសង្គមកិច្ច និង សុខមាលភាព […]
- ព័ត៌មានជាតិ ២៧ តុលា២០២០
កម្លាំងចម្រុះខណ្ឌ៧មករា ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោកប្រាក់ ហាក់ ប្រធានប្រជាការពារសាលា ខណ្ឌ៧មករា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា តាមដងផ្លូវដែលមានការកកស្ទះដូចជាតាមបណ្តោយផ្លូវលេខ១៦៤ ផ្លូវលេខ១០៩ ផ្លូវលេខ២០៧ ផ្លូវលេខ១៣៤ មុខមន្ទីពេទ្យបង្អែក រាជធានីភ្នំពេញ។ ក្នុងអំឡុងពេលរៀបចំសណ្តាប់ធ្នាប់ កម្លាំងសមត្ថកិច្ចបានចាប់នឹងស្ទូចរថយន្តដែលចតឈប់បញ្ច្រាសទីស ដែលជាមូលហេតុធ្វើឲ្យកកស្ទះចរាចរណ៏ ព្រមទាំងបានណែនាំប្រជាពលរដ្ឋ ដែលយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ឲ្យលក់បណ្តោះអាសន្ន១/៣ ដោយទុកចិញ្ចើមថ្នល់ឲ្យថ្នើរជើងធ្វើចរាចរណ៏បានបញ្ជាសការកកស្ទះ។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចក៏បានដកហូតរថយន្តចំនួន ០៧គ្រឿង និងផាសអាប់ ០១គ្រឿង សរុបរួម៨គ្រឿង យកមករក្សាទុកនៅឃ្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ជាពិសេសបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏ការចូលរួមសហការតាមការណែនាំរបស់សមត្ថកិច្ចជំនាញ៕
- ព័ត៌មានជាតិ ២៦ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចែកសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋបាន២ភូមិ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី ដោយមានការយកចិត្តទុកដាក់ និងបានការអនុញ្ញាតពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានចាត់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអ័រគីដេ និង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំនួន១៧គ្រួសារ មនុស្សសរុប៧៣នាក់ ប្រុស៣៤នាក់ អាយុ១៨ឆ្នាំឡើង៤៣នាក់ ប្រុស១៩នាក់។ នៅក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋទាំង២ភូមិខាងលើ សប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង ដែលសមត្ថកិច្ចបានយកសៀវភៅគ្រួសារ មកចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះ សមត្ថកិច្ចប៉ុស្តិ៍ក៏បានផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត និងសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ៕