- ព័ត៌មានអន្តរជាតិ ២៦ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូងបានបិទសាលាទាំងអស់នៅក្នុងទីក្រុងសេអ៊ូល ហើយប្តូរការរៀនមេរៀនដោយប្រើកម្មវិធី ZOOMវិញ ខណៈដែលករណីឆ្លងវីរុស Covid-19 នៅតែបន្តកើនឡើង
ប្រទេសកូរ៉េខាងត្បូងកំពុងបិទសាលារៀនទាំងអស់ ហើយប្តូរទៅជាការរៀនពីចម្ងាយវិញនៅទីក្រុងសេអ៊ូល បន្ទាប់ពីប្រទេសនេះមានការឆ្លងថ្មីនៃវីរុស Covid-19 ១២ថ្ងៃជាប់គ្នា។ យោងតាមរដ្ឋមន្រ្តីក្រសួងអប់រំលោក Yoo Eun-hae បានឲ្យដឹងនៅថ្ងៃនេះថា យ៉ាងហោចណាស់មានសិស្ស និងគ្រូចំនួន ១៩៣នាក់ ត្រូវបានរកឃើញវិជ្ជមាន Covid-19 ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ នៅក្នុងតំបន់ទីក្រុងសេអ៊ូល។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា មានការឆ្លងថ្មីចំនួន ២៨០ករណី នៃ Covid-19 ដែលជំរុញឱ្យចំនួនសរុបចំពោះការឆ្លងរយៈពេល ១២ថ្ងៃ ដល់ទៅ ៣.១៧៥ករណី។ ចំនួនឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ១៧.៩៤៥នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣១០នាក់៕ ប្រភព ៖ www.dailymail.co.uk
- ព័ត៌មានអន្តរជាតិ ២៦ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនរាយការណ៍ថាមានករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១៥ករណី
យោងតាមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបានរាយការណ៍កាលពីថ្ងៃពុធ (២៦ សីហា) ថា ប្រទេសចិនរកឃើញមានករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១៥ករណី កាលពីថ្ងៃអង្គារទី ២៥ ខែសីហា កន្លងមកនេះ ។ គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទាំងអស់គឺជាករណីនាំចូល ដែលនេះបញ្ជាក់ថាប្រទេសចិនពុំមានករណីឆ្លងក្នុងស្រុករយៈពេល ១០ថ្ងៃ ជាប់គ្នាមកហើយ ។ នៅក្នុងប្រទេសចិន ចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់នៅពេលនេះមានចំនួន ៨៤.៩៩៦នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺមានចំនួន ៤.៦៣៤ នាក់ ៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៥ សីហា ២០២០
សិង្ហបុរី ៖ មានការឆ្លងថ្មីចំនួន ៣១ករណី ដែលជាចំនួនធ្លាក់ចុះប្រចាំថ្ងៃក្នុងរយៈពេល ៥ខែនេះ
ប្រទេសសិង្ហបុរីបានរាយការណ៍ពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣១ករណី ត្រឹមរសៀលថ្ងៃអង្គារ (២៥ សីហា) ដែលជាតួលេខប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី ២២ ខែមីនា។ ការឆ្លងថ្មីនេះធ្វើឲ្យចំនួនសរុបនៃវីរុស Covid-19 របស់ប្រទេស កើនដល់ ៥៦.៤៣៥ករណី។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន មានករណីនាំចូលមួយ – ដែលត្រូវបានដាក់ឲ្យស្នាក់នៅក្នុងផ្ទះ នៅពេលមកដល់ប្រទេសសិង្ហបុរី – ហើយគ្មានករណីឆ្លងក្នុងសហគមន៍ណាមួយទេ៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៤ សីហា ២០២០
សិង្ហបុរី ៖ កម្មករចំនួន ៤,៨០០នាក់ ត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ បន្ទាប់ពីមានការឆ្លងវីរុស Covid-19 ជាចង្កោម នៅកន្លែងស្នាក់នៅរបស់កម្មករមួយ
ក្រសួងការងារបាននិយាយនៅថ្ងៃទី២៣ ខែសីហា នេះថាកម្មករប្រហែល ៤.៨០០នាក់ ត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ បន្ទាប់ពីមានការឆ្លងវីរុស Covid-19 ជាចង្កោម នៅកន្លែងស្នាក់នៅរបស់ពួកគេ។ អន្តេវាសិកដ្ឋាននេះស្ថិតក្នុងចំណោមកន្លែងដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅក្នុងប្រទេសសឹង្ហបូរី ដោយមានករណីឆ្លងជាង ២.២០០ករណី មុននឹងទីកន្លែងនេះត្រូវបានប្រកាសថាគ្មានការឆ្លងទៀតទេដោយក្រសួងការងារ កាលពីខែមុន។ ប៉ុន្តែ គិតត្រឹមថ្ងៃអាទិត្យនេះ (២៣ សីហា) មានការឆ្លងចំនួន ៥៨ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមថ្មី ដែលពួកគេទាំងអស់សុទ្ធតែមិនមានចេញរោគសញ្ញា។ ក្រសួងការងារបាននិយាយថា ខ្លួននឹងធ្វើតេស្តកម្មករទាំងនោះ ក្នុងរយៈពេលពីរ បីថ្ងៃខាងមុខ ដើម្បីកំណត់វិជ្ជមានភាពវីរុស Covid-19៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៣ សីហា ២០២០
ប្រទេសប៉េរូ ៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ក្នុងការរត់ជាន់គ្នាមួយ ខណៈពេលប៉ូលិសបានឆ្មក់បង្រ្កាបក្លឹបរាត្រីមួយកន្លែង ដែលបានបំពាននឹងការរឹតត្បិតបង្ការឆ្លងវីរុស Covid-19
យោងតាមសារព័ត៌មានក្នុងគេហទំព័រ CNN បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៣នាក់ បានស្លាប់និង ៣នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅក្លឹបរាត្រីមួយក្នុងទីក្រុងលីម៉ា នៃប្រទេសប៉េរូ ដោយសារតែអ្នកនៅក្នុងក្លឹបបានព្យាយាមរត់គេចពីការវាយឆ្មក់បង្រ្កាបរបស់ប៉ូលិស។ មានការរាយការណ៍ឲ្យប៉ូលិសនៅល្ងាចថ្ងៃសៅរ៍ ឲ្យមកបង្រ្កាបបិទពិធីជប់លៀងខុសច្បាប់មួយកន្លែង ដែលមានមនុស្សជាង ១២០នាក់ ចូលរួម។ គួរបញ្ជាក់ផងដែរថា វិធានការណ៍គម្លាតសុវត្ថិភាពត្រូវបានកំណត់នៅក្នុងប្រទេសប៉េរូ ដោយការជួបជុំធំៗ ត្រូវបានហាមឃាត់ ហើយមានបំរាមគោចរទូទាំងប្រទេសត្រឹមម៉ោង ១០យប់ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគ Covid-19៕ ប្រភព ៖ cnn.com
- ព័ត៌មានអន្តរជាតិ ២៣ សីហា ២០២០
បច្ចុប្បន្នភាពមេរោគ Covid-19 ជុំវិញពិភពលោក ៖ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកលើសពី ៨០០.០០០ នាក់
យោងតាមទិន្នន័យពីសាកលវិទ្យាល័យ ចូនហបគីនស៍ បានឲ្យដឹងថា មនុស្សជាង ២៣,១ លាននាក់ បានឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក ហើយជាង ១៤,៨៣លាននាក់ បានជាសះស្បើយ។ យ៉ាងហោចណាស់មនុស្សចំនួន ៨០២.០០០ នាក់ បានស្លាប់។ នៅក្នុងប្រទេសមិកស៊ិចកូ ដែលជាប់ចំណាត់ថ្នាក់លេខបីដែលមានអ្នកស្លាប់ច្រើន មនុស្សជិត ៦០.០០០នាក់ បានស្លាប់។ នៅក្នុងប្រទេសបារាំង ការឆ្លងវីរុស Covid-19 មានចំនួន ៤ដង ក្នុងចំណោមអ្នកអាយុក្រោម ៤០ឆ្នាំ ច្រើនជាងអ្នកដែលមានអាយុ ៦៥ឆ្នាំ ឡើង។ តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៣.៦០២នាក់ នៅក្នុងប្រទេស ម្សិលមិញនេះ។ ប្រទេសប្រេស៊ីលបានរាយការណ៍អំពីការឆ្លងថ្មីចំនួន ៥០.៣០២ករណី និងអ្នកស្លាប់ចំនួន ៨៩២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ៕ ប្រភព ៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ២១ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសជប៉ុនគ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹងការចូលប្រទេសឡើងវិញ
យោងតាមគេហទំព័រព័ត៌មាន NHK បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ធូរបន្ថយការហាមឃាត់ការចូលប្រទេសឡើងវិញ ដែលបានធ្វើឡើងកន្លងទៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងបដិសេធការចូលទៅក្នុងប្រទេស ចំពោះជនបរទេសមកពី ១៤៦ ប្រទេស និងដែនដី។ ការរឹតត្បិតក៏អនុវត្តចំពោះអ្នករស់នៅ និងនិស្សិតអចិន្រ្តៃយ៍ផងដែរ។ ការលើកលែងអាចត្រូវបានធ្វើឡើង សម្រាប់ការសម្រាលកូន និងពិធីបុណ្យសពរបស់សាច់ញាតិ។ ទោះជាយ៉ាងក៏ដោយ មានការអំពាវនាវជាច្រើន ឲ្យមានការបន្ធូរបន្ថយការហាមឃាត់ចូលប្រទេសនេះ ដើម្បីជំរុញសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។ ដូច្នេះហើយទើបរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិរស់នៅ ចូលទៅក្នុងប្រទេសវិញ ដោយល័ក្ខខ័ណ្ឌថា ពួកគេត្រូវធ្វើតេស្តរកមេរោគ Covid-19 ជាមុន និងដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល ២ សប្តាហ៍នៅសណ្ឋាគារដែលបានកំណត់។ វិធានការណ៍នេះគឺស្រដៀងនឹងវិធានការណ៍ដែលបានអនុវត្តចំពោះជនជាតិជប៉ុនផងដែរ។ គួរបញ្ជាក់ផងដែរថា ជនបរទេសប្រមាណ ២,៦ លាននាក់ មានឋានៈជាអ្នកមានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន។ ក្រុមមន្រ្តីកំពុងត្រៀមពង្រីកសមត្ថភាពធ្វើតេស្តនៅព្រលានយន្តហោះ ណារីតា និងព្រលានយន្តហោះធំពីរផ្សេងទៀត ឲ្យបាន ១០.០០០ នាក់ ក្នុងមួយថ្ងៃ នៅខែក្រោយ ដើម្បីឆ្លើយតបនឹងតំរូវការ៕ ប្រភព ៖ www3.nhk.or.jp
- ព័ត៌មានអន្តរជាតិ ២១ សីហា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសចិនកំពុងរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដី
យោងតាមគេហទំព័រព័ត៌មាន NHK បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់យ៉ាងធំ និងការរលំបាក់ដីជាច្រើនកន្លែងនៅក្នុងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានឲ្យដឹងថា ខេត្ត ស៊ីឈាន់ (Sichuan) គឺជាតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយផ្ទះជាច្រើនខ្នងត្រូវបានជន់លិច។ កាលពីថ្ងៃអង្គារកន្លងមក មនុស្សជិត ១០០.០០០នាក់ ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព។ កម្រិតទឹកជំនន់បានទៅដល់បាតជើងរបស់រូបបដិមាព្រះពុទ្ធ ក្នុងតំបន់ លីហ្សាន (Leshan) ដែលជាកន្លែងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ទឹកជំនន់ក៏ត្រូវបានរាយការណ៍ថាបានកើតឡើងនៅក្នុងទីក្រុង ឆុងគីង ដែលនៅជាប់នឹងខេត្ត ស៊ីឈាន់ និងក៏មានការជម្លៀសប្រជាជនផងដែរ។ តាមរបាយការណ៍បានឲ្យដឹងថា ចរន្តទឹកប្រមាណជា ៧៥.០០០ ម៉ែត្រគីបក្នុងមួយវិនាទី បានហូរចូលទៅក្នុងទំនប់ ហ្សានសៀ ផងដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ រដ្ឋាភិបាលចិនបានតាមដានសភាពការណ៍យ៉ាងយកចិត្តទុកដាក់អំពីកម្រិតទឹកនៅក្នុងទន្លេនៅក្នុងតំបន់ និងកំពុងធ្វើការបង្ហូរទឹកចេញពីទំនប់ ដើម្បីកាត់បន្ថយនូវការខូចខាត ឲ្យមានតិចបំផុត៕ ប្រភព ៖ www3.nhk.or.jp
- ព័ត៌មានអន្តរជាតិ ២១ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនបានរាយការណ៍នូវការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន២២ករណី
គណៈកម្មការសុខាភិបាលបាននិយាយនៅថ្ងៃសុក្រ (២១ សីហា) នេះថា ប្រទេសចិនបានរាយការណ៍អំពីករណីឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ២២ករណី នៅថ្ងៃទី ២០ ខែសីហា។ បើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសុខភាពជាតិបានឲ្យដឹងថា ករណីទាំង ២២ គឺជាការនាំចូល។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានរាយការណ៍ថាមានអ្នកជំងឺ Covid-19 ដែលមិនចេញរោគសញ្ញាចំនួន ២៣នាក់ កាលពីថ្ងៃមុន។ គិតត្រឹមថ្ងៃទី ២០ ខែសីហា អាជ្ញាធរសុខាភិបាលបាននិយាយថា ប្រទេសចិនមានករណីឆ្លងវីរុស Covid-19 សរុបចំនួន ៨៤.៩១៧នាក់។ ចំនួនអ្នកស្លាប់នៅត្រឹមតែ ៤.៦៣៤ នាក់៕ ប្រភព ៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២១ សីហា ២០២០
កូរ៉េខាងត្បូង ៖ អគារស្ថានីយ៍ទូរទស្សន៍ SBS Prism Tower នឹងត្រូវបិទរយៈពេល ៤៨ ម៉ោង បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមាន COVID-19
ស្ថានីយ៍ទូរទស្សន៍ SBS បានក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទី ២ ដែលបានចាប់ផ្តើមបិទអគារទាំងស្រុងនៅថ្ងៃទី ២០ ខែសីហា បន្ទាប់ពីស្ថានីយ៍សារព័ត៌មាន CBS នៅដើមសប្តាហ៍នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃទី ២០ ខែសីហា បានឲ្យដឹងថា “អ្នកអប់រំមណ្ឌលថែទាំកុមារម្នាក់ដែលមានទីតាំងនៅអគារ SBS ក្នុងទីក្រុងសេអ៊ូល បានធ្វើតេស្តវិជ្ជមាន COVID-19 ដូច្នេះយើងបានបិទអគារទាំងមូល ហើយនឹងដាក់អគារនេះឲ្យស្ថិតនៅដាច់ដោយឡែកក្នុងរយៈពេល ៤៨ ម៉ោង។ រាល់បុគ្គលិកទាំងអស់ ដែលបានទាក់ទងជាមួយអ្នកអប់រំមជ្ឈមណ្ឌលថែទាំកុមាររូបនោះ នឹងតម្រូវឱ្យអនុវត្តនីតិវិធីចតាឡីស័កដោយខ្លួនឯង ខណៈពេលរង់ចាំការធ្វើតេស្ត។ ជាលទ្ធផល SBS ក៏បានប្រកាសលុបចោលកម្មវិធី ‘The Show’ របស់ទូរទស្សន៍ SBS MTV ដែលគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី ២៥ ខែសីហា ខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះដែរ អគារមេ SBS ដែលត្រូវបានប្រើសម្រាប់ការថតវិទ្យុ កម្មវិធីទូរទស្សន៍ និងកម្មវិធីកម្សាន្តជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Yangchun-gu Mokdong នៃទីក្រុងសេអ៊ូល នឹងបន្តដំណើរការតាមពេលវេលាដែលបានកំណត់ដដែល៕ ប្រភព ៖ www.allkpop.com