- ព័ត៌មានអន្តរជាតិ ១ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ ការពាក់ម៉ាសត្រូវតែជាកំហិត ខណៈពេលដែលមានការដកចេញនូវការបិទទ្វារទីក្រុង Auckland
កាលពីថ្ងៃចន្ទម្សិលមិញនេះ សាលារៀន ព្រមទាំងការិយាល័យធ្វើការបានបើកដំណើរការឡើងវិញ បន្ទាប់ពីអាជ្ញាធរបានដកចេញនូវការបិទទ្វារទីក្រុង Auckland ដែលជាយន្តការទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុស Covid-19 ចាប់តាំងពីដើមខែសីហា។ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានមានប្រសាសន៍ថា លោកស្រីមានទំនុកចិត្តថា អាចគ្រប់គ្រងការរាតត្បាតនៃវីរុសនេះបាន និងបានកំណត់ជាកំហិតឲ្យប្រជាជនពាក់ម៉ាស នៅពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ នៅទូទាំងប្រទេស។ គួររំលឹកផងដែរថា ការបិទទ្វារទីក្រុងបានចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសណូវែលសេឡង់បានរកឃើញការឆ្លងថ្មីចំនួន ៤ករណី ដែប្រភពនៃការឆ្លងនេះនៅតែមិនទាន់ត្រូវកំណត់បាននៅឡើយ៕ ប្រភព ៖ Aljazeera.com
- ព័ត៌មានអន្តរជាតិ ២៩ សីហា ២០២០
បច្ចុប្បន្នភាពទាក់ទងនឹងវីរុស Covid-19 នៅជុំវិញពិភពលោក
ប្រទេសម៉ាឡេស៊ីនឹងបន្តការរឹតត្បិតនៅក្នុងប្រទេស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយការរឹតត្បិតគឺរាប់បញ្ចូលការបិទព្រំដែន និងបម្រាមចំពោះការបើកឡើងវិញនូវកន្លែងលក់គ្រឿងស្រវឹង និងក្លឹបរាត្រី។ ចំពោះចំនួនករណីឆ្លងវីរុស Covid-19 នៅក្នុងប្រទេសរុស្ស៊ី មានចំនួនលើសពី ៩៨០.០០០ករណី បន្ទាប់ពីមានរបាយការណ៍នៃការឆ្លងថ្មីចំនួន ៤.៨២៩ករណី ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។ ចំនួននៃការឆ្លងសរុបនៃវីរុស Covid-19 នៅអាមេរិកឡាទីន មានច្រើនជាង ៧លានករណី ស្របពេលដែលអ្នកតាក់តែងច្បាប់នៅក្នុងប្រទេសអាហ្សង់ទីន បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យសាច់ញាតិអ្នកដែលមានវិជ្ជមាន Covid-19 ដែលជិតស្លាប់ អាចមើលថែនៅជិត និងដោយផ្ទាល់បាន។ ប្រទេសកូរេខាងត្បូង បានបន្តវិធានការគម្លាតសុវត្ថិភាព នៅក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីមានការកើនឡើងនៃការឆ្លងជាខ្ទង់រយក្នុងមួយថ្ងៃៗ។ ប្រទេសឥណ្ឌា បានរាយការណ៍អំពីការកើនឡើងជាកំណត់ត្រា នៃការឆ្លងថ្មីក្នុងរយៈពេលមួយថ្ងៃ។ ទីក្រុង ញូដេលី បានរាយការណ៍ចំនួនឆ្លងថ្មីជាកំណត់ត្រាពិភពលោក ចំនួន ៧៦.៤៧២ករណី ក្នុងរយៈពេល ២៤ម៉ោង។ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានមនុស្សជាង ២៤,៥៦លាននាក់បានឆ្លងវីរុស Covid-19។ ក្នុងនោះ អ្នកជំងឺចំនួន ១៦លាននាក់ បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន ៨៣៥.០០០នាក់៕ […]
- ព័ត៌មានអន្តរជាតិ ២៩ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសសឹង្ហបុរីរាយការណ៍អំពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៩៤ករណី ក្នុងនោះ ៥៨ករណី នៅឯកន្លែងស្នាក់នៅកម្មករបរទេស Sungei Tengah Lodge
យោងតាមគេហទំព័រព័ត៌មាន channelnewsaisa បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានរកឃើញនូវការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៩៤ករណី កាលពីថ្ងៃសុក្រម្សិលមិញ ដែលក្នុងនោះចំនួនលើសពាក់កណ្តាលបានរកឃើញនៅក្នុងកន្លែងស្នាក់នៅរបស់កម្មករបរទេសដ៏ធំបំផុតនៅក្នុងប្រទេស។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមការឆ្លងថ្មី ៤ករណី គឺកើតឡើងក្នុងសហគមន៍ និង ១០ករណី គឺជាការនាំចូល។ ករណីដែលបានកើតឡើងក្នុងសហគមន៍គឺជាជនជាតិសិង្ហបុរីទាំងអស់។ ពីរនាក់ ក្នុងចំណោមករណីក្នុងសហគមន៍ គឺជាបុរសពីររូប ដែលមានវ័យ ៥១ឆ្នាំ និង ៥០ឆ្នាំ ដែលជាប់ពាក់ព័ន្ធទៅនឹងក្មេងប្រុសអាយុ ១៣ឆ្នាំ ដែលត្រូវបានរាយការណ៍ថា មានវិជ្ជមាន Covid-19 កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។ ទាំងបីនាក់ ត្រូវបានគេដឹងថា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានផ្ទុកវីរុស Covid-19 ពីមុនមក។ ស្រី្តម្នាក់ទៀត ដែលបានឆ្លងក្នុងសហគមន៍ អាយុ ២៥ឆ្នាំ មិនជាប់ពាក់ព័ន្ធនឹងករណីមុនៗទេ ប៉ុន្តែត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន បន្ទាប់ពីរូបគាត់មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ៕ ប្រភព ៖ Channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៩ សីហា ២០២០
ប្រទេសជប៉ុន ៖ លោកនាយករដ្ឋមន្ត្រី Shinzo Abe និងលាលែងពីតំណែង ដោយសារបញ្ហាសុខភាព
យោងតាមគេហទំព័រព័ត៌មានរបស់ Japantimes បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Shinzo Abe បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងចុះចេញពីតំណែងជាលើកទី ២ ដោយសារហេតុផលសុខភាព។ ការយកចិត្តទុកដាក់នៅពេលនេះត្រូវបានផ្តោតទៅលើថាតើអ្នកណា និងជំនួសលោក Abe ហើយនៅពេលណា។ ក៏មានការងឿងឆ្ងល់ជាច្រើនថាតើលោក Abe លាឈប់ដោយសារតែបញ្ហាជំងឺរលាកពោះវៀនធំដ៏រ៉ាំរ៉ៃរបស់គាត់ឬទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Abe ក៏បានមានប្រសាសន៍ថា លោកនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតទាល់តែអ្នកស្នងតំណែងរបស់លោក ត្រូវបានជ្រើសរើស។ គណបក្សប្រជាធិបតេយ្យសេរីរបស់លោកត្រូវបានគេរំពឹងថា និងធ្វើការបោះឆ្នោតជ្រើសរើសប្រធានគណបក្សមួយនៅចុងខែកញ្ញានេះ ដោយមានសមាជិកសភា និងតំណាងបីរូបមកពីជំពូកនីមួយៗ។ គេបានរំពឹងទុកថាបុគ្គលដែល និងត្រូវបានជ្រើសរើសជាប្រធានគណបក្សថ្មី និងប្រាកដក្លាយជានាយករដ្ឋមន្ត្រី នេះក៏ដោយសារតែប្រជាប្រិយភាព និងសម្លេងភាគច្រើនរបស់គណបក្សប្រជាធិតេយ្យសេរីរបស់លោក Abe នៅក្នុងសភា៕ ប្រភព ៖ www.japantimes.co.jp
- ព័ត៌មានអន្តរជាតិ ២៨ សីហា ២០២០
ប្រទេសអូស្រ្តាលី៖ ខ្យល់ព្យុះបានវាយប្រហារទីក្រុងមែលប៊ន បណ្តាលឲ្យមានមនុស្សចំនួន ៣នាក់ត្រូវបានស្លាប់ដោយការរលំដើមឈើ
យោងតាមអាជ្ញាធរបានឲ្យដឹងថា ខ្យល់ព្យុះដ៏កំណាចមួយបានបោកបក់មកលើទីក្រុងធំទី ២ របស់ប្រទេសអូស្រ្តាលី និងបានកាត់ផ្តាច់ថាមពលអគ្គិសនីសម្រាប់ផ្ទះចំនួន ៥០.០០០ខ្នង ថែមទាំងធ្វើឲ្យដើមឈើបាក់រលំ ដោយបានសម្លាប់មនុស្ស ៣នាក់។ យោងតាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា ក្មេងប្រុស អាយុ ៤ឆ្នាំ ម្នាក់ ត្រូវបានដើមឈើរលំលើ និងបានស្លាប់នៅល្ងាចថ្ងៃព្រហស្បតិ៍នៅឯមន្ទីរពេទ្យ។ សមត្ថកិច្ចបន្ថែមទៀតថា បុរសអាយុ ៥៩ឆ្នាំ ម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលដើមឈើរលំមកលើរថយន្តដែលគាត់កំពុងបើកបរ។ ស្រ្តីអាយុ ៣៦ឆ្នាំ ក៏ត្រូវសម្លាប់ដោយសារបុកដើមឈើនៅលើផ្លូវ highway។ អ្នកបើកបរ អាយុ ២៤ឆ្នាំ ម្នាក់បានរងរបួសស្រាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ផ្ទះប្រហែលចំនួន ៥០.០០០ខ្នង នៅក្នុងទីក្រុង មែលប៊ន នៅមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយទេ នៅព្រឹកថ្ងៃសុក្រនេះ៕ ប្រភព ៖ abcnews.go.com
- ព័ត៌មានអន្តរជាតិ ២៨ សីហា ២០២០
សហរដ្ឋអាមេរិក ៖ មនុស្សជាច្រើនត្រូវបានស្លាប់ នៅពេលខ្យល់ព្យុះ Laura បានបោកបក់នៅភាគនិរតីនៃរដ្ឋ Louisiana
ខ្យល់ព្យុះ Laura បានបោកបក់ឆ្លងកាត់ភាគនិរតីនៃរដ្ឋ Louisiana កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញអគារជាច្រើនខ្នងនៅក្នុងទីក្រុង Lake Charles និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ បន្ទាប់ពីបានមកដល់នៅព្រឹកព្រលឹម និងជាព្យុះដ៏ខ្លាំងបំផុតមួយដែលវាយប្រហារមកលើរដ្ឋនេះ។ អ្នកនាំពាក្យឲ្យអភិបាលខេត្តលោក John Bel Edwards បាននិយាយថា ជនរងគ្រោះទីមួយដែលបានស្លាប់គឺជាក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ នៅ Leesville រដ្ឋ Louisiana ដែលបានស្លាប់នៅពេលដើមឈើរលំលើផ្ទះរបស់នាង។ ដោយឡែក រោងចក្រគីមីមួយបានឆាបឆេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅ Westlake រដ្ឋ Louisiana ចម្ងាយ ៤ ម៉ាយល៍ (៦.៤ គម ) ភាគខាងលិចនៃបឹង Charles ដោយបញ្ជូនផ្សែងខ្មៅក្រាស់ ៗ ហុយទៅលើមេឃ។ លោកអភិបាលក្រុង Edwards បានណែនាំប្រជាជននៅក្នុងតំបន់នោះឱ្យជ្រកកោននៅនឹងកន្លែង បិទទ្វារ និងបង្អួច ហើយបិទម៉ាស៊ីនត្រជាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចបណ្តាលមកពីខ្យល់ព្យុះនេះ៕ ប្រភព ៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ២៨ សីហា ២០២០
ប្រទេសអូស្រ្តាលី ៖ រដ្ឋ Victoria រាយការណ៍ពីការឆ្លងថ្មីនៃ Covid-19 ចំនួន ១១៣ករណី និងស្លាប់ ១២នាក់
រដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ នៅអូស្រ្តាលី និងជាចំណុចកណ្តាលនៃការផ្ទុះវីរុស Covid-19 ក្នុងប្រទេសបាននិយាយកាលពីថ្ងៃសុក្រទី ២៨ សីហាថា ខ្លួនបានរកឃើញករណីឆ្លងថ្មីចំនួន ១១៣ករណី ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។ ចំនួនករណីរបស់ Victoria បានបង្កើនក្តីសង្ឃឹមថា ប្រទេសអូស្រ្តាលីអាចនឹងទប់ស្កាត់ការរីករាលដាលនៃ Covid-19 បន្ទាប់ពីមានការបិទទ្វារយ៉ាងតឹងរឹងនៅទីក្រុងមែលប៊ន។ បច្ចុប្បន្ននេះ ប្រទេសអូស្រ្តាលីបានកត់ត្រាការឆ្លងវីរុស Covid-19 ចំនួន ២៥.៥០០នាក់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៨៤នាក់ បន្ទាប់ពីមនុស្ស ១២ នាក់បានស្លាប់នៅ Victoria៕ ប្រភព ៖ Channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៧ សីហា ២០២០
ព័ត៌មានអន្តរជាតិ ៖ អង្គការសហប្រជាជាតិប្រកាសថាអាហ្វ្រិកមិនមានជំងឺស្វិតដៃជើងទៀតទេ
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានប្រកាសថា ទ្វីបអាហ្រ្វិកគ្មានមេរោគដែលបណ្តាលឱ្យមានជំងឺស្វិតដៃជើងទៀតទេ ដែលនេះជាប្រវត្តិសាស្ត្រនៅក្នុងយុទ្ធនាការដែលមានរយៈពេលរាប់ទសវត្សដើម្បីលុបបំបាត់ជំងឺនេះនៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយថា វីរុស Poliovirus រួមជាមួយនឹងជំងឺអុតស្វាយ បានចូលទៅក្នុងបញ្ជីវីរុសដែលត្រូវបានកំចាត់នៅទ្វីបអាហ្វ្រិក៕ ប្រភព ៖ www.bangkokpost.com
- ព័ត៌មានអន្តរជាតិ ២៧ សីហា ២០២០
ប្រទេសមីយ៉ាន់ម៉ា ៖ រដ្ឋ Rakhine បានក្លាយជាចំណុចក្តៅនៃការឆ្លងវីរុស Covid-19 បន្ទាប់ពីមានការរកឃើញការឆ្លងដែលជាកំណត់ត្រា
បើយោងតាមក្រសួងសុខាភិបាលនិងកីឡាបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាមានការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៧០ករណី កាលពីថ្ងៃពុធ ដែលជាចំនួនកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសកាលពីថ្ងៃទី ២៣ ខែមីនាកន្លងមក។ យោងតាមក្រសួងបានឱ្យដឹងថា ភាគច្រើននៃករណីនេះគឺជាអ្នកស្រុកនៃរដ្ឋ Sittwe ដែលជារដ្ឋធានីនៃរដ្ឋ Rakhine ហើយ ៧៥% នៃពួកគេគឺមិនចេញរោគសញ្ញា។ ជាមួយនឹងករណីឆ្លងចុងក្រោយនេះធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសបានកើនឡើងដល់ ៥៧៤នាក់៕ ប្រភព ៖ Bangkokpost.com
- ព័ត៌មានអន្តរជាតិ ២៧ សីហា ២០២០
សហរដ្ឋអាមេរិក ៖ ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួន ទាក់ទងនឹងការបាញ់ស្លាប់បាតុករនៅរដ្ឋ Wisconsin
ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃពុធ (២៦ សីហា) ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស ២នាក់ និងបង្ករបួសដល់បាតុករម្នាក់ទៀតអំឡុងពេលតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់របស់ប៉ូលិសទៅលើបុរសស្បែកខ្មៅម្នាក់នៅក្នុងទីក្រុង Wisconsin នៃរដ្ឋ Kenosha ។ យោងតាមឯកសាររបស់តុលាការបានឲ្យដឹងថា ជនដៃដល់នោះមានឈ្មោះ Kyle Rittenhouse អាយុ ១៧ ឆ្នាំមកពី Antioch រដ្ឋ Illinois ដែលត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួននៅរដ្ឋ Illinois និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាកម្រិតទី ១ ។ គួររំលឹកផងដែរថា ភាពចលាចលបានធ្វើឱ្យរញ្ជួយទីក្រុងដែលមានប្រជាជនប្រមាណ ១០ ម៉ឺននាក់ ដែលស្ថិតនៅចន្លោះទីក្រុង Chicago និងMilwaukee ចាប់តាំងពីថ្ងៃអាទិត្យមក នៅពេលដែលប៉ូលិសបានបាញ់សម្លាប់លោក Jacob Blake អាយុ ២៩ ឆ្នាំ ជាច្រើនគ្រាប់ចំពីក្រោយខ្នង៕ ប្រភព ៖ channelnewsasia.com