- ព័ត៌មានអន្តរជាតិ ១៤ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ អង្គការសុខភាពពិភពលោកបានកត់ត្រានូវការកើនឡើងនៃការឆ្លងថ្មីនៃវីរុស Covid-19 នៅទូទាំងពិភពលោកក្នុងរយៈពេលមួយថ្ងៃ ច្រើនជាង ៣០៧.០០០នាក់
អង្គការសុខភាពពិភពលោកបានរាយការណ៍អំពីការកើនឡើងនៃការឆ្លងវីរុស Covid-19 នៅលើពិភពលោកកាលពីថ្ងៃអាទិត្យ (១៣ កញ្ញា) កន្លងមកនេះ ដោយមានចំនួនសរុប ៣០៧.៩៣០ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ប្រទេសដែលមានការកើនឡើងច្រើនបំផុត គឺប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និង ប្រេស៊ីល។ ចំនួនអ្នកស្លាប់កើនឡើង ៥.៥៣៧នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងសកលលោកមានចំនួន ៩១៧.៤១៧នាក់។ នៅក្នុងប្រទេសឥណ្ឌា មានការរាយការណ៍ការឆ្លងថ្មីចំនួន ៩៤.៣៧២ករណី បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីចំនួន ៤៥.៥២៣នាក់ និង ប្រទេសប្រេស៊ីលមានចំនួន ៤៣.៧១៨នាក់។ នៅក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ ទាំងសហរដ្ឋអាមេរិក និង ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីច្រើនជាង ១.០០០នាក់ ហើយប្រទេសប្រេស៊ីលបានរាយការណ៍ថាមនុស្ស ៨៧៤នាក់ បានបាត់បង់ជីវិត។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌានាំមុខគេ ចំពោះករណីឆ្លងថ្មី ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃ និង បានបង្កើតកំណត់ត្រាពិភពលោកកាលពីសប្តាហ៍មុន ដោយមានការឆ្លងចំនួន ៩៧.៥៧០ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១២ កញ្ញា ២០២០
ប្រទេសថៃ ៖ មានការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន៧ករណី ដែលសុទ្ធតែជាករណីនាំចូល
យោងតាមសារព័ត៌មាន Bangkokpost បានឲ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសថៃបានរាយការណ៍ការឆ្លងថ្មីវីរុស Covid-19 ចំនួន ៧ករណី ដែលរួមមានជនជាតិថៃ ៥នាក់ និងជនបរទេស ២នាក់ ហើយត្រូវបានដាក់ចត្តាឡីស័ក នៅពេលដែលមកដល់ក្នុងប្រទេស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បានឲ្យដឹងថា អ្នកឆ្លងបានធ្វើដំណើរមកពីប្រទេសឥណ្ឌា រុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត។ នៅក្នុងករណីឆ្លងថ្មីទាំង ៧ករណីនេះ គឺអ្នកវិជ្ជមានវីរុស Covid-19 មិនមានចេញរោគសញ្ញាអ្វីទេ។ គួររំលឹកផងដែរថា មានករណីឆ្លងថ្មីនៅជុំវិញសកលលោកចំនួន ៣០៣.១៧០ករណី នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ធ្វើឲ្យចំនួនឆ្លងសរុបនៅទូទាំងពិភពលោកមានចំនួន ២៨,៣២លាននាក់ និងស្លាប់សរុបចំនួន ៩១៣.៩០៨នាក់។ សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេ ដែលមានការឆ្លងសរុបចំនួន ៦,៥៩លាននាក់ និងស្លាប់ចំនួន ១៩៦.៣២៨នាក់។ ឈរនៅលេងរៀងទី ២ គឺប្រទេសឥណ្ឌា ដែលមានការឆ្លងសរុបចំនួន ៤,៥៦លាននាក់ និងស្លាប់ចំនួន ៧៦.៣០៤នាក់។ ប្រទេសប្រេស៊ីលឈរនៅលេខរៀងទី ៣ ដែលមានការឆ្លងសរុបចំនួន ៤,២៤លាននាក់ និងស្លាប់សរុបចំនួន ១២៩.៥៧៥នាក់៕ ប្រភព ៖ […]
- ព័ត៌មានអន្តរជាតិ ១២ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងបើកការហោះហើរអន្តរជាតិ ឡើងវិញទៅកាន់ប្រទេសជប៉ុន
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnan Airlines) នឹងចាប់ផ្តើមបើកឡើងវិញ នូវជើងហោះហើរអន្តរជាតិ សម្រាប់តែទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីការផ្អាកដែលបណ្តាលមកពីការរីករាលដាលនៃវីរុស Covid-19។ តំណាងក្រុមហ៊ុនអាកាសចរណ៍ បាននិយាយនៅថ្ងៃទី១១ ខែកញ្ញាថា ការបើកជើងហោះហើរជាថ្មីនេះ មានគោលបំណង ដើម្បីបំពេញតម្រូវការអ្នកដំណើរជនជាតិវៀតណាម ដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីសិក្សា និងធ្វើការ។ ដូច្នោះហើយ ជើងហោះហើរនឹងចេញដំណើរពីទីក្រុងហាណូយ ទៅកាន់ទីក្រុងតូក្យូនៅម៉ោង ១១ និង ៤៥ នាទី យប់ថ្ងៃទី ១៨, ២៥, និង ៣០ និងចាកចេញពីទីក្រុងហូជីមិញ នៅម៉ោង សូន្យ ព្រឹកថ្ងៃទី ៣០ ខែកញ្ញា ដោយប្រើយន្ដហោះប្រភេទ ប៊ូអ៊ីង ៧៨៧ ដែលជាយន្ដហោះធំទូលាយ និងទំនើបបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏កំពុងរៀបចំផែនការដើម្បីបន្តការហោះហើរ ទៅកាន់សាធារណរដ្ឋកូរ៉េ ចិន តៃវ៉ាន់ (ចិន) ឡាវ និងកម្ពុជានាពេលខាងមុខនេះផងដែរ៕ ប្រភព ៖ vietnaminsider.vn
- ព័ត៌មានអន្តរជាតិ ៧ កញ្ញា ២០២០
ប្រទេសថៃ ៖ មនុស្សរាប់រយនាក់ ប្រឈមនឹងការឆ្លងវីរុស Covid-19 បន្ទាប់ពីមានការទាក់ទងផ្ទាល់ជាមួយនឹងបុរសម្នាក់ ដែលមានវិជ្ជមាន
យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺ បានឲ្យដឹងថា មនុស្សរាប់រយនាក់មានហានិភ័យ ក្នុងការឆ្លងវីរុស Covid-19 បន្ទាប់ពីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ ដែលបានធ្វើតេស្តិវិជ្ជមានវីរុសនេះ។ គួររំលឹកថា បុរសម្នាក់ ដែលជាអ្នកទោស គឺជាករណីឆ្លងក្នុងស្រុកដំបូងបង្អស់របស់ប្រទេសថៃ បន្ទាប់ពីរយៈពេលជាង ១០០ថ្ងៃ មិនមានការឆ្លងក្នុងស្រុក។ គាត់ត្រូវបានគេស្គាល់ថាជា ឌីជេ ដែលក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមាន បន្ទាប់ពីត្រូវបានដាក់ឲ្យ ស្ថិតក្នុងការឃុំខ្លួននៅក្នុងពន្ធនាគារ។ មន្ត្រីពាក់ព័ន្ធ កំពុងធ្វើការត្រួតពិនិត្យមនុស្សចំនួន ៩៧០នាក់ ដែលបានទាក់ទងជាមួយបុរសនោះ ដែលមានអាយុ ៣៧ឆ្នាំ ហើយបានរកឃើញថា ពួកគេមួយចំនួនបានចែករំលែកកែវផឹកជាមួយបុរសដែលមានវិជ្ជមាន និងមិនអើពើនឹងវិធានការណ៍គម្លាតសុវត្ថិភាព នៅឯកន្លែងបរិភោគអាហារ ដែលបុរសនោះមានវត្តមាន មុនពេលគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារ។ កាលពីថ្ងៃអាទិត្យ នាយកដ្ឋានបានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៩៧០នាក់ មាន ១១៩នាក់ ត្រូវបានគេចាត់ទុកមានជាហានិភ័យខ្ពស់ក្នុងការឆ្លង ខណៈមនុស្ស ៨៥១នាក់ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការធ្វើតេស្តមនុស្សចំនួន ៥១៦នាក់ លទ្ធផលសម្រាប់ ៥១៣នាក់ បានត្រឡប់មកវិញអវិជ្ជមាន ខណៈដែលនៅសល់នៅកំពុងរង់ចាំលទ្ធផលនៅឡើយ៕ ប្រភព ៖ bangkokpost.com
- ព័ត៌មានអន្តរជាតិ ៧ កញ្ញា ២០២០
ប្រទេសអូស្រ្តាលី ៖ រដ្ឋ Victoria បានរាយការណ៍អំពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៤១ករណី និងការស្លាប់ចំនួន ៩នាក់
រដ្ឋ Victoria ដែលជាចំណុចក្តៅនៃការឆ្លងវីរុស Covid-19 នៅថ្ងៃចន្ទ (៧ កញ្ញា) បានរាយការណ៍ថាមានមនុស្សស្លាប់ ៩នាក់ ដោយសារវីរុសនេះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ និងការឆ្លងចំនួន ៤១ករណី នេះបើប្រៀបធៀបនឹងការស្លាប់ចំនួន ៥នាក់ និងការឆ្លង ៦៣ករណីកាលពីថ្ងៃម្សិលមិញ។ កាលពីថ្ងៃអាទិត្យ រដ្ឋនេះបានពន្យារការបិទរដ្ឋធានី មែលប៊ន រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ដោយសារអត្រាឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ យឺតជាងការរំពឹងទុក។ គួររំលឹកផងដែរថា រដ្ឋ ដែលមានប្រជាជនច្រើនជាងគេបំផុតទី ២ នៅអូស្រ្តាលី គឺជាចំណុចកណ្តាលនៃរលកទីពីរ ដែលឥឡូវនេះមានប្រហែល ៧៥ភាគរយ នៃករណីសរុបចំនួន ២៦.៣២០ករណី និង ៩០ភាគរយ នៃការស្លាប់ ៧៦២នាក់ របស់ប្រទេសនេះ។ ក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីវិញនៅខែនេះត្រូវបានរលាយ ដោយមានដាក់បម្រាមគោចររយៈពេលមួយយប់ ការរឹតត្បិតលើភ្ញៀវទេសចរទៅលេងផ្ទះ និងដែនកំណត់នៃការធ្វើដំណើរមិនលើសចម្ងាយ ៥គីឡូម៉ែត្រ ដែលនឹងត្រូវបន្តយ៉ាងហោចណាស់រហូតដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ៤ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ នាវិកច្រើនជាង ៤០នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាដឹកសត្វពាហនៈមួយបានលិច ដោយសារខ្យល់ព្យុះ
យោងតាមឆ្មាំសមុទ្រជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា នាវិកចំនួនជាង ៤០នាក់ បានបាត់ខ្លួន បន្ទាប់នាវាដឹកសត្វពាហនៈពីប្រទេសណូវែលសេឡង់ ទៅកាន់ប្រទេសចិន បានលិច ដោយសារខ្យល់ព្យុះ នៅសមុទ្រចិនខាងកើត។ សមាជិកនាវិកម្នាក់ ត្រូវបានជួយសង្គ្រោះ។ នៅក្នុងកិច្ចប្រឹងប្រែងសង្គ្រោះក៏មានការចូលរួមពីនាវាចំនួន ៣គ្រឿង យន្តហោះចំនួន ៤គ្រឿង និងអ្នកជំនាញជ្រមុជទឹកចំនួន ២នាក់ ផងដែរ។ គួរបញ្ជាក់ផងដែរថា នាវាមួយ ដែលបានដឹកសត្វពាហនៈចំនួន ៦ពាន់ក្បាល បានផ្ញើសារអាសន្ន ពីកោះ Amama Oshima នៅក្នុងភាគនិរតីប្រទេសជប៉ុន កាលពីថ្ងៃពុធ ខណៈពេលដែល ខ្យល់ព្យុះ ម៉ៃសាក់ បានបោកបក់មកលើតំបន់នេះ ជាមួយនឹងកម្លាំងខ្យល់ខ្លាំង និងបង្កឲ្យមានរលកធំៗ៕ ប្រភព ៖ Reuters.com
- ព័ត៌មានអន្តរជាតិ ៤ កញ្ញា ២០២០
ប្រទេសថៃ ៖ អ្នកទោសក្នុងពន្ធនាគារម្នាក់មានវិជ្ជមានវីរុស Covid-19
យោងតាមគេហទំព័រព័ត៌មាន Bangkokpost បានឲ្យដឹងថា អ្នកទោសប្រុសម្នាក់បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ហើយត្រូវបានផ្លាស់ប្តូរពីពន្ធនាគារទៅមន្ទីរពេទ្យមួយកន្លែង ដែលគ្រប់គ្រងដោយនាយកដ្ឋានកែប្រែ។ មន្ត្រីសុខាភិបាលបានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា បុរស ដែលមានផ្ទុកវីរុសនេះ បានធ្វើការជា DJ នៅក្នុងហាងលក់គ្រឿងស្រវឹងមួយកន្លែងនៅក្នុងក្រុងបាងកកនាពេលថ្មីៗនេះ នៅផ្លូវ Khao San ។ មនុស្សដែលជិតស្និទ្ធ និងមានការប៉ះពាល់ផ្ទាល់ជាមួយបុរសម្នាក់នេះ ត្រូវបានតាមដាន ប៉ុន្តែមិនមានការឆ្លងផ្សេងទៀត ដែលត្រូវបានគេរកឃើញទេ។ មនុស្សដែលមិនមានទំនាក់ទំនងផ្ទាល់ជាមួយបុរសនោះមិនស្ថិតនៅក្នុងក្រុមដែលមាន “ហានិភ័យខ្ពស់” ទេ។ យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺបានឱ្យដឹងថា អ្នកទោស ដែលមានអាយុ ៣៧ឆ្នាំ ត្រូវបានជាប់ពន្ធនាគារនៅឯមណ្ឌលកែប្រែពិសេសកណ្តាល ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីថ្ងៃទី ២៦ ខែសីហា ជាមួយអ្នកទោស ៣៤ នាក់ ផ្សេងទៀត។ ការធ្វើតេស្តលើកដំបូងធ្វើឡើងដោយសាកលវិទ្យាល័យ Mahidol កាលពីថ្ងៃពុធបានរកឃើញថា បុរសម្នាក់នេះបានឆ្លងវីរុស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅយប់នោះ។ ការធ្វើតេស្តលើមនុស្ស ៣៤នាក់ផ្សេងទៀត ត្រឡប់មកវិញអវិជ្ជមាន៕ ប្រភព ៖ Bangkokpost.com
- ព័ត៌មានអន្តរជាតិ ២ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសម៉ាឡេស៊ី ហាមឃាត់ការចូលប្រទេសដល់អ្នក ដែលមានប័ណ្ណអនុញ្ញាត ពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា អ្នកដែលមានប័ណ្ណអនុញ្ញាតយូរអង្វែង ដែលមកពីប្រទេស ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេស ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី Ismail Sabri Yaakob បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិចារណាអំពីការកើនឡើងនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេសទាំងបីនេះ។ គួរបញ្ជាក់ផងដែរថា ករណីឆ្លងថ្មីចំនួន ១៥ ក្នុងចំណោម ១៧ករណី គឺជាករណីនាំចូល។ ក្នុងចំណោមករណីទាំង ១៥ នោះ អ្នកវិជ្ជមាន ១២នាក់ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិបរទេស ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១ កញ្ញា ២០២០
ប្រទេសអូស្រ្តាលី ៖ រដ្ឋ Victoria រាយការណ៍ការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៧០ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក
ទីក្រុង មែលប៊ន ដែលជាទីក្រុងធំទី ២ របស់ប្រទេសអូស្ត្រាលី និងជាចំណុចក្តៅនៃការឆ្លងថ្មីនៃវីរុស Covid-19 នៅថ្ងៃអង្គារ ទី១ កញ្ញា នេះ បានរាយការណ៍ការឆ្លងថ្មីចំនួន ៧០ករណី ដែលជាចំនួនទាបក្នុងរយៈពេល ២ សប្តាហ៍ នៃការរីករាលដាលថ្មី។ រដ្ឋ Victoria បាននិយាយថា អ្នកជំងឺចំនួន ៥នាក់ បានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។ ការធ្លាក់ចុះនៃការឆ្លងថ្មីនេះ គឺដោយសារតែទីក្រុង មែលប៊ន បានចាប់ផ្តើមការបិទទ្វារទីក្រុង អស់រយៈពេល ៤ សប្តាហ៍ ដោយតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងការដាក់បំរាមគោចរពេលយប់។ ជាសរុប ប្រទេសអូស្រ្តាលីមានការឆ្លងវីរុស Covid-19 សរុបចំនួន ២៦.០០០ករណី និងមនុស្សចំនួន ៦៥៧នាក់ បានស្លាប់៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១ កញ្ញា ២០២០
ប្រទេសជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានរងរបួស ខណៈពេលដែលព្យុះទីហ្វុង ម៉ៃសាក់ បានបោកបក់មកលើកោះ អូគឺណាវ៉ា
លើសពីនេះទៅទៀត ខ្សែហោះហើរច្រើនជាង ២៤០ជើង ទៅកាន់ និងមកពីកោះ អូគីណាវ៉ា ត្រូវបានផ្អាក ដោយសារតែព្យុះទីហ្វុង ដែលបានបង្កឲ្យមានការដាច់ថាមពលអគ្គិសនី ដែលផ្គត់ផ្គង់ដល់ផ្ទះចំនួន ៣០.០០០ខ្នង។ ព្យុះទីហ្វុងនេះ ត្រូវបានគេរំពឹងថា នឹងថមថយឥទ្ធិពលរបស់ខ្លួននៅថ្ងៃពុធនេះ មុននឹងទៅដល់ប្រទេសកូរេខាងត្បូង។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ រលកសមុទ្រធំៗ ការរលំបាក់ដី និងទឹកជំនន់នៅតំបន់ទំនាប៕ ប្រភព ៖ sputniknews.com