- ព័ត៌មានអន្តរជាតិ ១៦ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ សាកសពចំនួន ១២ ត្រូវបានរកឃើញស្ថិតនៅក្រោមគំនរដី បាក់រលំនៅក្នុងប្រទេសវៀតណាម
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរប្រទេសវៀតណាមបានរកឃើញសាកសពរបស់ក្រុមសង្គ្រោះចំនួន ១២នាក់ ដែលបានកប់នៅពីក្រោមគំនរដីបាក់ និងបានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ០៤នាក់ ផ្សេងទៀត ដែលបានបាត់ខ្លួន។ ការរកឃើញនេះ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងខ្យល់ព្យុះនៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ៤៩នាក់។ អាជ្ញាធរបាននាំសាកសពទាំងនោះទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការកំណត់រកអត្តសញ្ញាណបន្តទៀត។ ខណៈពេលនេះដែរ កម្លាំងសង្គ្រោះបន្ទាន់នៅតែបន្តការស្វែងរកមនុស្សចំនួន ០៤នាក់ ទៀត ដែលត្រូវបានជឿជាក់ថា បានកប់នៅពីក្រោមគំនរដីដែលបានបាក់នោះ។ មកទល់ពេលនេះ វាសនារបស់អ្នកសង្គ្រោះទាំងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួររំលឹកផងដែរថា តំបន់កណ្តាលនៃប្រទេសវៀតណាមបានរងការប៉ះពាល់ដោយចំនួនទឹកភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃអង្គារ ខណៈពេលដែលខ្យល់ព្យុះចំនួន ០២ បានបំផ្លិចបំផ្លាញតំបន់មាត់សមុទ្រ។ ភ្លៀងច្រើនសន្ធឹកសន្ធាប់បានបង្កឲ្យមានមនុស្សស្លាប់ចំនួនច្រើនជាង ៥០នាក់ និងធ្វើឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ១៥០.០០០ ខ្នង និង សាលារៀនចំនួន ២៤៤ខ្នង នៅក្នុងតំបន់។ ជំនន់ទឹកភ្លៀង និង ការបាក់ដី ត្រូវបានរំពឹងថានឹងកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីខ្យល់ព្យុះ ណាំងកា បានមកដល់តំបន់កណ្តាលនៃប្រទេសកាលពីថ្ងៃពុធកន្លងមកនេះ។ អាជ្ញាធរនៅតែមានក្តីបារម្ភថា ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ខណៈពេលវិសម្ពាធទាបមួយទៀតកំពុងគ្របដណ្តបតំបន់ឆ្នេរ ដែលបានទទួលរងគ្រោះរួមកហើយ៕ ប្រភព ៖ nnn.ng
- ព័ត៌មានអន្តរជាតិ ១៤ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ ព្យុះ ណាងកា ត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារតំបន់ផ្សេងៗ នៅក្នុងប្រទេសវៀតណាមនារសៀលនេះ
យោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលជាតិ សម្រាប់ឧតុនិយមវិទ្យាបានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ នេះ ព្យុះ ណាងកា នឹងបោកបក់មកលើ តំបន់កណ្តាលនៃប្រទេសវៀតណាម ដែលមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ បាសឡុងវី ដែលមានកម្លាំងខ្យល់ ៧៥-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ភ្លៀងធ្លាក់ខ្លាំងនឹងបង្កឱ្យមានហានិភ័យខ្ពស់នៃការបាក់ដី នៅតំបន់រ៉ែធ្យូងថ្មនៅក្នុងខេត្ត Quang Ninh ។ អាជ្ញាធរក្នុងខេត្ត ថាញហាវ បានចេញសេចក្តីប្រកាសជាបន្ទាន់ដើម្បីឆ្លើយតបនឹងព្យុះ ណាងកា នេះ។ កប៉ាល់ និងទូកក្នុងស្រុកជាង ៧.០០០ គ្រឿង ត្រូវបានជូនដំណឹងអំពីព្យុះ។ ទន្ទឹមនឹងនេះដែរ លោក ហ្វាង ភុកឡាំ អនុប្រធានមជ្ឈមណ្ឌលជាតិ ព្យាករណ៍ឧតុនិយមវិទ្យា បានឲ្យដឹងថា វិសម្ពាធទាបមួយទៀតបានលេចចេញនៅតំបន់សមុទ្រនៅភាគខាងកើតនៃប្រទេសហ្វីលីពីន។ វិសម្ពាធទាបនេះនឹងផ្លាស់ទៅសមុទ្រខាងកើត នៅថ្ងៃទី ១៥ ខែតុលា ធ្វើឲ្យប្រទេសវៀតណាមនឹងទទួលនូវបរិមាណទឹកភ្លៀងជាច្រើន៕ ប្រភព ៖ vietnaminsider.vn
- ព័ត៌មានអន្តរជាតិ ១២ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ ជំនន់ទឹកភ្លៀងធ្វើឲ្យប្រជាជនរាប់ពាន់នាក់គ្មានទីលំនៅ តាមតំបន់ទន្លេមេគ្គង
គ្រួសាររាប់រយគ្រួសារនៅក្នុងខេត្តចំនួន ៣ នៃប្រទេសកម្ពុជា គឺខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ត្រូវបានបង្ខំឱ្យជម្លៀសចេញ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលបញ្ជាក់ពីការមកដល់នៃវិសម្ពាធទាប់ទូទាំងតំបន់មេគង្គ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីយប់ថ្ងៃសៅរ៍ថា “កុមារអាយុ ២ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ បានលង់ទឹកស្លាប់ដោយសារទឹកជំនន់” ។ នៅភាគកណ្តាលប្រទេសវៀតណាម ទឹកភ្លៀងជិតមួយម៉ែត្របានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្ស ៥នាក់ បានស្លាប់និង ៨នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈទឹកជំនន់បានជន់លិចផ្ទះជាង ៣៣.០០០ខ្នង និង បង្ខំឲ្យ មនុស្សជាង ២៦.០០០នាក់ ជម្លៀសចេញ។ នៅក្នុងប្រទេសថៃ ផ្លូវថ្នល់ប្រែទៅជាទន្លេ និងទឹកបានលិចលង់ទ្រព្យសម្បត្តិនៅក្នុងខេត្ត ណាខនរ៉ាក់ស៊ីម៉ា របស់ប្រទេសថៃ ខណៈពេលដែលអ្នកស្រុកបាននាំគ្នាដាក់បាវខ្សាច់ដើម្បីទប់ទឹក និងរើឥវ៉ាន់ទៅកន្លែងខ្ពស់។ អភិបាលខេត្តលោក វីចៀន ចន្ត្រានុតថៃ បានមានប្រសាសន៍ថា សង្កាត់ប៉ាកជុងគឺជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយមានប្រជាជន ៨០០០ គ្រួសារ និងប្រជាជនចំនួន ១២.០០០នាក់ រងផលប៉ះពាល់។ ផ្ទះប្រមាណ ២០០ខ្នង ត្រូវបានជន់លិច។ […]
- ព័ត៌មានអន្តរជាតិ ១២ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់ បានស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១១ ខែតុលា) ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់ បានស្លាប់ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តភាគកណ្តាលរបស់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន ហើយមនុស្សចំនួន ១៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ទូរទស្សន៍វៀតណាម VTV បានរាយការណ៍ថា នៅប៉ុន្មានថ្ងៃខាងមុខ ខេត្តនៅតំបន់កណ្តាលនឹងត្រៀមសម្រាប់ព្យុះទីហ្វុងមួយទៀតឈ្មោះ លីនហ្វា ដែលនឹងនាំមកនូវភ្លៀងយ៉ាងច្រើន និងបង្កជាទឹកជំនន់ថែមទៀត។ តាមរយៈវីដេអូដែលបានផ្សាយដោយទូរទស្សន៍ VTV បានបង្ហាញ អ្នកនេសាទត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រ និងឧទ្ធម្ភាគចក្រ ខណៈដែលខ្យល់ខ្លាំងបានបោកបក់ឆ្នេរសមុទ្រវៀតណាមភាគកណ្តាល នៅក្នុងខេត្ត ក្វាងទ្រី។ បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ទឹកជំនន់បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជនរាប់ពាន់នាក់។ ប្រជាជនប្រមាណ ៣១.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយផ្ទះជាង ៣៣.០០០ខ្នង ត្រូវបានជន់លិច និងខូចខាតដោយសារទឹកជំនន់៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១ តុលា២០២០
ពត៍មានអន្តរជាតិ ៖ សិង្ហបុរីនឹងដកការរឹតត្បិតព្រំដែនសម្រាប់ភ្ញៀវទេសចរមកពីប្រទេសវៀតណាមចាប់ពីថ្ងៃទី ៨ ខែតុលា នេះតទៅ
អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បាននិយាយថា សិង្ហបុរីនឹងដកការរឹតត្បិតព្រំដែនជាឯកតោភាគីចំពោះភ្ញៀវទេសចរ ដែលមកពីប្រទេសវៀតណាម និងអូស្ត្រាលី ដោយមិនរាប់បញ្ចូលរដ្ឋវិចតូរីយ៉ា ចាប់ពីថ្ងៃទី ៨ ខែតុលា នេះតទៅ។ អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃទី ៣០ ខែកញ្ញាថា ប្រទេសទាំងពីរនេះមានប្រព័ន្ធឃ្លាំមើលសុខភាពសាធារណៈគ្រប់ជ្រុងជ្រោយ និងបានគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលនៃវីរុស Covid-19។ អាជ្ញាធរបានបន្តថា “ ហានិភ័យនៃការនាំចូលពីប្រទេសទាំងនេះគឺទាប ” ។ យោងតាមសារព័ត៌មាន The Straits Times បានរាយការណ៍ថា ប្រទេសវៀតណាម និងអូស្ត្រាលីបានចូលរួមជាមួយនឹងប្រទេសណូវែលហ្សេឡង់ និងប្រ៊ុយណេ ដែលជាប្រទេសទាំងបួន ដែលប្រទេសសឹង្ហបូរីបានបើកព្រំដែនរបស់ខ្លួនជាឯកតោភាគីជាមួយ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញឱ្យវិស័យទេសចរណ៍ និងទីផ្សារទេសចរណ៍របស់ខ្លួនរស់ឡើងវិញ៕ ប្រភព ៖ vietnamtimes.org.vn
- ព័ត៌មានអន្តរជាតិ ១ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) នឹងបញ្ឈប់បុគ្គលិកចំនួន ១៩.០០០នាក់
បើយោងតាមនាយកប្រតិបត្តិលោក Doug Parker បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិកកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) នឹងបញ្ឈប់បុគ្គលិកចំនួន ១៩.០០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនេះ បានស្នើសុំឱ្យសភាសហរដ្ឋអាមេរិកធ្វើការពន្យារពេលកម្មវិធីគាំទ្រប្រាក់ឈ្នួលចំនួន ២៥ពាន់លានដុល្លារ ដែលការពារការងាររហូតដល់ថ្ងៃទី ១ ខែតុលា រយៈពេល ៦ ខែទៀត ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១៥ កញ្ញា ២០២០
ប្រទេសឥណ្ឌូនេស៊ី ៖ ក្រុមអ្នកប្រឆាំងចំពោះការពាក់ម៉ាសការពារ ត្រូវបានបញ្ជាឲ្យជីកផ្នូរសម្រាប់កប់អ្នកជំងឺដែលស្លាប់ដោយវីរុស Covid-19 ចាត់ទុកជាទណ្ឌកម្ម
អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានដាក់ចេញនូវទណ្ឌកម្មដ៏ចម្លែកមួយ ចំពោះអ្នកដែលមិនគោរពតាមបញ្ញត្តិសម្រាប់ទប់ស្កាត់ការរីករាលដាលវីរុស Covid-19។ បុរស ៨នាក់ដែលប្រកែកមិនព្រមពាក់ម៉ាសការពារ នៅតាមកន្លែងសាធារណៈ ត្រូវបានបញ្ជាឲ្យជីកផ្នូរសម្រាប់អ្នកដែលស្លាប់ ដោយសារវីរុស Covid-19 នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គួររំលឹកផងដែរថា ខេត្ត ចាវ៉ា ខាងកើត នៃប្រទេសឥណ្ឌូនេស៊ី បានអនុវត្តយ៉ាងតឹងរឹង ចំពោះការពាក់ម៉ាសការពារ នៅតាមកន្លែងសាធារណៈ ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងវីរុស Covid-19។ ការដាក់ទណ្ឌកម្មត្រូវបានអនុវត្តនៅក្នុងស្រុក Cerme ដែលជាកន្លែងដែលចៅហ្វាយស្រុក លោក Suyono បាននិយាយថា លោកបានដាក់ទណ្ឌកម្ម ដល់ប្រជាជនណាដែលមិនគោរពច្បាប់ (ពាក់ម៉ាសជាប្រចាំនៅតាមកន្លែងសាធារណៈ) ដោយតម្រូវឱ្យពួកគេជីកផ្នូរនៅទីបញ្ចុះសពមួយនៅក្នុងភូមិ Ngabetan ។ មនុស្សពីរនាក់ ត្រូវបានតម្រូវឲ្យទទួលខុសត្រូវចំពោះផ្នូរមួយ ដោយម្នាក់បានជីកផ្នូរ និងម្នាក់ទៀតដាក់ក្តារឈើ នៅខាងក្នុងដើម្បីទ្រទ្រង់សាកសព។ លោកចៅហ្វាយស្រុកសង្ឃឹមថា ការដាក់ទណ្ឌកម្មបែបនេះ អាចនឹងជាកត្តាមួយដើម្បី រារាំងប្រជាជនកុំឲ្យល្មើសច្បាប់នេះ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងខេត្ត៕ ប្រភព ៖ www.sbs.com.au
- ព័ត៌មានអន្តរជាតិ ១៥ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនរាយការណ៍ថាមានការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៨ករណី ដែលសុទ្ធតែជាករណីនាំចូល
អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (១៥ កញ្ញា) ថា ប្រទេសចិនបានរាយការណ៍នូវករណីថ្មីនៃការឆ្លងវីរុស Covid-19 ចំនួន ៨ករណី កាលពីថ្ងៃចន្ទកន្លងមកនេះ។ គណៈកម្មការសុខភាពជាតិបាននិយាយថា រាល់ករណី ដែលត្រូវបានរាយការណ៍ថ្មីៗទាំងអស់ ត្រូវបាននាំចូល ដោយអ្នកធ្វើដំណើរមកពីបរទេស។ គណៈកម្មការក៏បានរាយការណ៍អំពីករណីឆ្លងថ្មី ដោយមិនមានចេញរោគសញ្ញា ចំនួន ៩ករណី ផងដែរ គឺធ្លាក់ចុះពីចំនួន ៣៩ករណី កាលពីថ្ងៃមុននេះ។ ដូច្នេះ ចំនួនសរុបនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេសចិន មានចំនួន ៨៥.២០២ នាក់។ ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺចំនួន ៤.៦៣៤ នាក់៕
- ព័ត៌មានអន្តរជាតិ ១៤ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសនូវែលសេឡង់នឹងដកចេញនូវការរឹតត្បិត ស្ទើរតែនៅទូទាំងប្រទេស នៅថ្ងៃទី ២១ ខែកញ្ញា នេះ
ប្រទេសនូវែលសេឡង់នឹងដកចេញនូវការរឹតត្បិត ស្ទើរតែនៅទូទាំងប្រទេស នៅថ្ងៃទី ២១ ខែកញ្ញា នេះ លើកលែងតែទីក្រុងធំបំផុតរបស់ខ្លួនគឺទីក្រុង Auckland ដែលជាចំណុចកណ្តាលនៃការឆ្លង នៅក្នុងរលកទី ២ នេះ ។ លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយកាលពីថ្ងៃចន្ទ (១៤ កញ្ញា) ថា ការរឹតត្បិតនៅក្នុងទីក្រុង Auckland នឹងត្រូវពិនិត្យឡើងវិញនៅសប្តាហ៍ក្រោយ។ លោកស្រីក៏បាននិយាយផងដែរថា នឹងមានការបន្ធូរបន្ថយរាល់តម្រូវការគម្លាតសុវត្ថិភាពនៅលើយន្តហោះ និង ការដឹកជញ្ជូនសាធារណៈផ្សេងទៀត។ គួររំលឹកផងដែរថា កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នានៅទីក្រុង Auckland ប្រឆាំងនឹងការរឹតត្បិតផ្នែកសង្គមរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសនេះ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស Covid-19 កាលពីខែមុន។ រូបភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីហ្វូងមនុស្សយ៉ាងកកកុញ រាប់ពាន់នាក់ ដោយអ្នកចូលរួមជាច្រើនមិនបានពាក់ម៉ាស ធ្វើឲ្យមានក្តីបារម្ភអំពីការរីករាលដាលនៃវីរុស Covid-19 នៅក្នុងទីក្រុងនេះ៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ១៤ កញ្ញា ២០២០
ព័ត៌មានអន្តរជាតិ ៖ អង្គការសុខភាពពិភពលោកបានកត់ត្រានូវការកើនឡើងនៃការឆ្លងថ្មីនៃវីរុស Covid-19 នៅទូទាំងពិភពលោកក្នុងរយៈពេលមួយថ្ងៃ ច្រើនជាង ៣០៧.០០០នាក់
អង្គការសុខភាពពិភពលោកបានរាយការណ៍អំពីការកើនឡើងនៃការឆ្លងវីរុស Covid-19 នៅលើពិភពលោកកាលពីថ្ងៃអាទិត្យ (១៣ កញ្ញា) កន្លងមកនេះ ដោយមានចំនួនសរុប ៣០៧.៩៣០ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ប្រទេសដែលមានការកើនឡើងច្រើនបំផុត គឺប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និង ប្រេស៊ីល។ ចំនួនអ្នកស្លាប់កើនឡើង ៥.៥៣៧នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងសកលលោកមានចំនួន ៩១៧.៤១៧នាក់។ នៅក្នុងប្រទេសឥណ្ឌា មានការរាយការណ៍ការឆ្លងថ្មីចំនួន ៩៤.៣៧២ករណី បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីចំនួន ៤៥.៥២៣នាក់ និង ប្រទេសប្រេស៊ីលមានចំនួន ៤៣.៧១៨នាក់។ នៅក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ ទាំងសហរដ្ឋអាមេរិក និង ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីច្រើនជាង ១.០០០នាក់ ហើយប្រទេសប្រេស៊ីលបានរាយការណ៍ថាមនុស្ស ៨៧៤នាក់ បានបាត់បង់ជីវិត។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌានាំមុខគេ ចំពោះករណីឆ្លងថ្មី ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃ និង បានបង្កើតកំណត់ត្រាពិភពលោកកាលពីសប្តាហ៍មុន ដោយមានការឆ្លងចំនួន ៩៧.៥៧០ករណី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ៕ ប្រភព ៖ channelnewsasia.com