- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
BREAKING:យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ឥណ្ឌូណេស៊ី បានបាត់ទំនាក់ទំនង បន្ទាប់ពីចេញដំណើរ
(ហ្សាការតា)៖ យន្តហោះបូអិញ ៧៣៧ ដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជាង ៥០នាក់ជិះ បានបាត់ទំនាក់ទំនង បន្ទាប់ពីចេញដំណើរចេញពីទីក្រុងចាហ្កាតា។ វែបសាយតាមដានការហោះហើរបាននិយាយថា យន្តហោះនោះបានបាត់បង់រយៈកម្ពស់ជាង ៣,០០០ ម៉ែត្រ ក្នុងរយៈពេលមួយនាទី។ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការស្វែងរក និងការជួយសង្គ្រោះកំពុងតែដំណើរការ៕
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
សហរដ្ឋអាមេរិក ៖ អាមេរិករាយការណ៍ថាមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាង ៤.០០០ នាក់ ក្នុងមួយថ្ងៃ ជាលើកដំបូង
សហរដ្ឋអាមេរិកបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាង ៤.០០០ នាក់ ក្នុងមួយថ្ងៃជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ នៅខែធ្នូ ឆ្នាំ២០១៩ ខណៈពេលដែលប្រព័ន្ធសុខាភិបាលក្នុងប្រទេសកំពុងតែមានការលំបាកក្នុងការដោះស្រាយជាមួយនឹងចំនួនអ្នកជំងឺដែលឈឺ និងស្លាប់ ជាច្រើនលើសលប់។ យោងតាមគំរោងតាមដានវីរុសកូវីដ បានអោយដឹងថា មនុស្សសរុបចំនួន ៤.០៣៣ នាក់ បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។ យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបគីនស៍បានបង្ហាញថា ប្រទេសអាមេរិកមានអ្នកស្លាប់សរុបចំនួន ៣៦៥,០០០ នាក់ ដោយសារតែវីរុសកូវីដ-១៩ នេះ។ គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ មានករណីឆ្លងថ្មីជាង ២៦៦,០០០ ករណី ត្រូវបានរាយការណ៍ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងកើនឡើងដល់ជាង ២១,៦ លានករណី៕ ប្រភព ៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
ប្រទេសម៉ាឡេស៊ី ៖ ប្រជាជនជាង ៤៨.០០០ នាក់ ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីគេចចេញពីទឹកជំនន់
ប្រជាជនជាង ៤៨.០០០ នាក់ នៅក្នុងរដ្ឋចំនួន ៦ របស់ប្រទេសម៉ាឡេស៊ី កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលផ្តល់ជំនួយចំនួន ៤០០កន្លែង កាលពីថ្ងៃសុក្រ (៨ មករា) ដើម្បីគេចចេញពីទឹកជំនន់ ដែលកំពុងកើនឡើង ខណៈដែលភ្លៀងមូសុងនៅតែបន្តបោកបក់ផ្នែកខ្លះនៃប្រទេស។ វិបត្តិទឹកជំនន់នៅប្រទេសម៉ាឡេស៊ី ដែលឈានចូលដល់ខែទី ៣ បានធ្វើឱ្យតម្លៃបន្លែឡើងថ្លៃ និងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទៅកាន់ប្រទេសសិង្ហបុរី ដោយសារផ្លូវថ្នល់ត្រូវបានបិទ។ ភ្លៀងធ្លាក់មិនឈប់ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ បានបណ្តាលឱ្យផលដំណាំងាប់ ដោយការផលិតក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ចុងក្រោយនេះ ធ្លាក់ចុះជាង ៥០ ភាគរយ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៥ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ដោយសារតែរដូវភ្លៀងមូសុងប្រចាំឆ្នាំ ដែលជាធម្មតាចាប់ផ្តើមនៅខែវិច្ឆិកា និងមានរយៈពេលប្រហែល ៤ ខែ៕ ប្រភព ៖ www.straitstimes.com
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនបន្ថែមការរឹតបន្ដឹងនៅក្នុងទីក្រុងដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង នៅមុនចូលឆ្នាំប្រពៃណីចិន បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងថ្មីនៅក្នុងខេត្ត ហឺប៊ី
យោងតាមគេហទំព័រសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរបានបន្ថែមការរឹតបន្តឹងនៅក្នុងទីក្រុងដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ សារជាថ្មី។ យោងតាមរបាយការណ៌បានឲ្យដឹងថា ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ នៅក្នុងខេត្ត ហឺប៊ី ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង ប៉េកាំង ជម្រុញឲ្យមានការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅខែក្រោយ។ កាលពីសប្តាហ៍កន្លងមកនេះ ខេត្ត ហឺប៊ី បានរាយការណ៍នូវការឆ្លងថ្មីចំនួន ១៣០ករណី។ មហាវិថីសំខាន់ៗ ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងប៉េកាំង ត្រូវបានបិទ និងការធ្វើដំណើររបស់អ្នកដំណើរឆ្លងកាត់ទីក្រុងត្រូវបានបញ្ឈប់៕
- ព័ត៌មានអន្តរជាតិ ២ វិច្ឆិកា ២០២០
ព័ត៌មានអន្តរជាតិ ៖ មហាព្យុះទីហ្វុង ហ្កូនី បានវាយបំផ្លិចបំផ្លាញប្រទេសហ្វីលីពីន និងមានមនុស្សយ៉ាងហោចណាស់ ១០ នាក់ បានស្លាប់
ជាមួយនឹងកម្លាំងខ្យល់ដ៏សម្បើម និងទឹកភ្លៀងដ៏សន្ធឹកសន្ធាប់ ព្យុះទីហ្វុងដ៏ធំមួយបានបោកបក់ចូលភាគខាងកើតប្រទេសហ្វីលីពីន ខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្លូវខ្យល់ព្យុះដ៏កំណាចនេះក្នុងរដ្ឋធានីម៉ានីលឡា។ ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ ដែលក្នុងនោះ ៩ នាក់នៅក្នុងខេត្ត Albay ដែលរងគ្រោះខ្លាំង។ ព្យុះទីហ្វុង ហ្កូនី បានវាយប្រហារខេត្តកោះ Catanduanes នៅពេលព្រឹកព្រលឹមជាមួយនឹងល្បឿនខ្យល់បក់ ២២៥ គីឡូម៉ែត្រ (១៤០ ម៉ៃល៍) ក្នុងមួយម៉ោង និងមានកម្លាំង ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង (១៧៤ ម៉ែល / ម៉ោង) ស្មើនឹងព្យុះទីហ្វុង កម្រិតទី ៥ ប៉ុន្តែបានចុះខ្សោយ ក្រោយពេលព្យុះនេះធ្វើដំណើរមកដល់ដែនគោក។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ប្រជាជនចន្លោះពី ១៩ លានទៅ ៣១ លាននាក់ អាចរងផលប៉ះពាល់ រួមទាំងតំបន់ដែលមានគ្រោះថ្នាក់ផងដែរ៕ ប្រភព ៖ Aljazeera.com
- ព័ត៌មានអន្តរជាតិ ២ វិច្ឆិកា ២០២០
ព័ត៌មានអន្តរជាតិ ៖ ទ្វីបអឺរ៉ុបមានកើនឡើងទ្វេដង នៃការឆ្លងថ្មីនៃវីរុសកូវីដ១៩ ក្នុងរយៈពេល ៥ សប្តាហ៍ ធ្វើឲ្យមានការឆ្លងសរុបកើនលើស ១០ លាននាក់
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ៥ សប្តាហ៍ ដោយជំរុញឲ្យតំបន់នេះ កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១ ខែវិច្ឆិកា) មានការឆ្លងសរុបកើនលើស ១០ លាននាក់។ យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ខណៈដែលទ្វីបអឺរ៉ុបចំណាយពេលជិត ៩ ខែ ដើម្បីកត់ត្រានូវករណីឆ្លង ៥ លាននាក់ដំបូងរបស់ខ្លួន ការឆ្លងចំនួន ៥ លានករណីបន្ទាប់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេលតែជាងមួយខែប៉ុណ្ណោះ។ ប្រទេសបារាំង អាឡឺម៉ង់ និងចក្រភពអង់គ្លេស បានប្រកាសបិទទ្វារទូទាំងប្រទេសយ៉ាងហោចណាស់រហូតដល់ខែក្រោយ ដែលមានលក្ខណៈតឹងរឹងដូចការរឹតត្បិតនៅក្នុងខែមីនា និងមេសាកន្លងមកនេះ។ ប្រទេសព័រទុយហ្កាល់បានដាក់បម្រាមមួយផ្នែក ហើយប្រទេសអេស្ប៉ាញ និងអ៊ីតាលីកំពុងរឹតបន្តឹងបន្ថែម។ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុបខាងកើតដែលមានករណីឆ្លងច្រើនជាង ១,៦ លានករណី៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២ វិច្ឆិកា ២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រធានអង្គការសុខភាពពិភពលោកកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកដែលមានវិជ្ជមានកូវីដ១៩
ទីក្រុងហ្សឺណែល ៖ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា គាត់កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមនុស្សម្នាក់ ដែលគាត់បានការប្រាស្រ័យទាក់ទងជាមួយ ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩ ប៉ុន្តែបានសង្កត់ធ្ងន់ថា គាត់មិនមានរោគសញ្ញាអ្វីទេ។ លោកបានបន្ថែមថា “លោកមានសុខភាពល្អ និងកំពុងធ្វើចត្តាឡីស័កក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របជាមួយនឹងពិធីសាររបស់អង្គការសុខភាពពិភពលោក”។ លោកបានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម Twitter ថា “វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាគោរពតាមការណែនាំសុខភាព” ។ គួរបញ្ជាក់ផងដែរថា លោក Tedros បានស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សជិត ១,២ លាននាក់ និងចម្លងដល់មនុស្សជាង ៤៦ លាននាក់ នៅទូទាំងពិភពលោក ចាប់តាំងពីមានការផ្ទុះនៃវីរុសនេះនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៧ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសវៀតណាមត្រៀមជម្លៀសប្រជាជន ១,៣លាននាក់ នៅពេលដែលព្យុះទីហ្វុង Molave ជិតមកដល់
យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសវៀតណាមកំពុងត្រៀមជម្លៀសប្រជាជនជិត ១,៣លាននាក់ ដោយសារឥទ្ធិពលនៃព្យុះ Molave ដែលបានបោកបក់លើប្រទេសហ្វីលីពីនពេញមួយយប់ ដោយបង្កឱ្យមានទឹកជំនន់ និងការរលំបាក់ដី និងបណ្តាលឲ្យអ្នកនេសាទយ៉ាងតិចរាប់សិបនាក់បាត់ខ្លួនកាលពីថ្ងៃចន្ទកន្លងមកនេះ។ ទីភ្នាក់ងារគ្រោះមហន្តរាយនេះបាននិយាយថា ព្យុះទីហ្វុង Molave ដែលមានល្បឿនខ្យល់ ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានចាកចេញពីកោះ Luzon របស់ប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ការបាក់ដី និងទឹកជំនន់នៅក្នុងតំបន់ចំនួន ១១ ។ ពុំមានរបាយការណ៍អំពីការស្លាប់ និងរបួសទេ ប៉ុន្តែអ្នកនេសាទចំនួន ១២នាក់ នៅតាមសមុទ្រពុំបានវិលត្រឡប់ទៅខេត្ត Catanduanes នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសវិញនៅឡើយទេ។ ព្យុះទីហ្វុង Molave ត្រូវបានគេព្យាករណ៍ថានឹងទៅដល់ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ ជាមួយនឹងល្បឿនខ្យល់រហូតដល់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះនឹងក្លាយជាព្យុះទី ៤ ដែលវាយប្រហារមកលើប្រទេសវៀតណាមក្នុងរយៈពេលមួយខែ ដែលក្នុងនោះ ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្ស ១៣០នាក់ និងមនុស្សចំនួន ២០នាក់ បានបាត់ខ្លួននៅតំបន់កណ្តាល៕ ប្រភព ៖ Bangkokpost.com
- ព័ត៌មានអន្តរជាតិ ២៦ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិននឹងធ្វើតេស្តរកវីរុស Covid-19 ជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីមានការឆ្លងថ្មីចំនួន ១៣៧ករណី នៅក្នុងខេត្ត
អាជ្ញាធរនៅក្នុងប្រទេសចិនបានដុតដៃដុតជើងនៅថ្ងៃអាទិត្យ (២៥ តុលា) ម្សិលមិញនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីនៃមេរោគ Covid019 នៅភាគពាយព្យនៃប្រទេស បន្ទាប់ពីការឆ្លងថ្មី ១៣៧ករណី ត្រូវបានរកឃើញ។ ការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ទៅលើប្រជាជនចំនួន ៤,៧៥ លាននាក់ នៅក្នុងនិងជុំវិញតំបន់ខាសឆ្កា ខេត្តស៊ីនជាំង បន្ទាប់ពីកម្មការិនីរោងចក្រកាត់ដេរអាយុ ១៧ ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមាន Covid-19។ គណៈកម្មការសុខាភិបាលខេត្ត ស៊ីនជាំង បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ករណីថ្មីទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងរោងចក្រមួយក្នុងតំបន់ស៊ូហ្វូ ដែលជាកន្លែងដែលក្មេងស្រី និងឪពុកម្តាយរបស់នាងធ្វើការ។ ទូរទស្សន៍ពិសេស CCTV បានរាយការណ៍ថា ក្រុមពិសេសមួយមកពីគណៈកម្មការសុខភាពជាតិទីក្រុងប៉េកាំងត្រូវបានបញ្ជូនទៅស៊ើបអង្កេតប្រភពនៃការផ្ទុះឡើង និងជួយក្នុងវិធានការបង្ការ។ រដ្ឋាភិបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមរសៀលថ្ងៃអាទិត្យ គំរូជាង ២,៨លាន ត្រូវបានប្រមូលនៅក្នុងតំបន់ ហើយគំរូដែលនៅសល់នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃទៀត។ រដ្ឋាភិបាលបាននិយាយថាសាលារៀនទាំងអស់នៅខាសឆ្កា ត្រូវបានបិទរហូតដល់ថ្ងៃទី ៣០ ខែតុលា ហើយអ្នកណាម្នាក់ ដែលចាកចេញពីទីក្រុង ត្រូវបង្ហាញតេស្តអាស៊ីដនុយក្លេអ៊ែរអវិជ្ជមាន៕ ប្រភព ៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២២ តុលា២០២០
ព័ត៌មានអន្តរជាតិ ៖ ព្យុះត្រូពិក Saudel បានបោកបក់មកលើប្រទេសហ្វីលីពីន និងបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាម
អាជ្ញាធរនៃប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា ព្យុះត្រូពិក Saudel បានបោកបក់មកលើប្រទេសហ្វីលីពីន និងបង្កឱ្យមានទឹកជំនន់ និងអ្នកស្រុករាប់ពាន់នាក់ត្រូវបានជម្លៀសចេញរកកន្លែងសុវត្ថិភាព ។ ខណៈពេលនេះ ព្យុះមួយនេះកំពុងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលមានមនុស្សជាង ១០០នាក់ បានស្លាប់ ដោយសារទឹកជំនន់ និងការរលំបាក់ដី ។ នៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីលឡា នៃប្រទេសហ្វីលីពីន រូបភាពបានបង្ហាញពីការជន់លិច និងទូកជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ ក្នុងការដឹកជញ្ជូនអ្នកស្រុកទៅកន្លែងទួលសុវត្ថិភាព ។ យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រោះមហន្តរាយបានបង្ហាញថា មនុស្សជិត ៦.០០០នាក់ ត្រូវបានជម្លៀសចេញនៅតាមខេត្តនានានៅភាគខាងត្បូង នៃទីក្រុងម៉ានីលឡាគិតត្រឹមយប់ថ្ងៃអង្គារ បើទោះបីជាពុំទាន់មានរបាយការណ៍នៃការស្លាប់ និងរបួសក៏ដោយ មកទល់ពេលនេះ ៕ ប្រភព ៖ www.aljazeera.com