- ព័ត៌មានអន្តរជាតិ ៣១ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសថៃនឹងបណ្តុះបណ្តាល មន្ត្រីប៉ូលិសឲ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាការជួញដូរមនុស្សទូទាំងប្រទេស
មន្ត្រីប៉ូលីសជាន់ខ្ពស់ប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសថៃបានប្តេជ្ញាជំរុញការបណ្តុះបណ្តាលដល់ប៉ូលីសនៅទូទាំងប្រទេស ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរឡើងចំពោះបញ្ហានៃការកើនឡើងនៃចំនួននៃការកេងប្រវ័ញ្ចផ្លូវភេទ និងការបង្ខំឱ្យធ្វើពលកម្មនៅខាងក្រៅទីក្រុងបាងកក។ លោកឧត្តមសេនីយ៍ឯក Jaruvat Vaisaya ប្រធានមន្ទីរប្រឆាំងការជួញដូរមនុស្ស ក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថថៃ បាននិយាយថា ប្រទេសថៃមានកង្វះខាតមន្រ្តីប៉ូលិសដែលមានជំនាញក្នុងការស៊ើបអង្កេតករណីជួញដូរមនុស្ស ជាពិសេសនៅបណ្តាខេត្តនានា។ លោក Jaruvat បានប្រាប់នៅក្នុងបទសម្ភាសន៍ មុនថ្ងៃទិវាពិភពលោកប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី ៣០ ខែកក្កដាថា “យើងបានរកឃើញការកើនឡើងនូវករណីនៅតាមខេត្ត ដែលយើងមិនអាចបញ្ជូនបុគ្គលិករបស់យើង (ពីទីក្រុងបាងកក) បានទាន់ពេលវេលា” ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ប្រហែល ៣ ភាគ ៤ នៃករណីជួញដូរសរុបចំនួន ២៨៣ ករណីនៅទូទាំងប្រទេសកាលពីឆ្នាំមុនត្រូវបានស៊ើបអង្កេតនៅខាងក្រៅទីក្រុងបាងកក ពោលគឺមានការកើនឡើងពី ២ ភាគ ៣ នៃ ៣០១ករណី ក្នុងឆ្នាំ២០១៨។ លោក Jaruvat បាននិយាយថាមន្រ្តីប៉ូលិស និងមន្រ្តីរាជការស៊ីវិលចំនួន ១៥០នាក់ មកពីទូទាំងប្រទេសបានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីជួយពួកគេក្នុងការកំណត់អត្តសញ្ញាណ និងដោះស្រាយជាមួយជនរងគ្រោះដោយការជួញដូរ។ គួររបញ្ជាក់ផងដែរថា ជាសរុប ប្រទេសថៃមានមន្ត្រីជំនាញប្រឆាំងការជួញដូរមនុស្សចំនួន ១៦៤០នាក់ នៅទូទាំងប្រទេស ដែលក្នុងនោះជាង ១០០នាក់ មានមូលដ្ឋាននៅទីក្រុងបាងកក៕ ប្រភព៖ www.channelnewsasia.com
- ព័ត៌មានអន្តរជាតិ ៣១ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសបង់ក្លាដែសប្រឈមនឹងការលំបាកដោយសារតែបញ្ហាមេរោគរាតត្បាត Covid-19 ការបាត់បង់ការងារ និងទឹកជំនន់
ប្រទេសបង់ក្លាដែស ដែលស្ថិតនៅលើស្ថានដីទំនាប និងមានដង់ស៊ីតេប្រជាជនខ្ពស់ តែងតែរងគ្រោះដោយសារទឹកជំនន់ជាប្រចាំ ប៉ុន្តែអ្នកជំនាញបារម្ភថា ផលប៉ះពាល់នៅឆ្នាំនេះអាចនឹងអាក្រក់បំផុត ដោយសារតែបញ្ហាបាត់បង់ការងារ ដែលបណ្តាលមកពីមេរោគ Covid-19 និងទឹកជំនន់ដែលបានអូសបន្លាយខុសពីធម្មតា។ កម្មកររាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីការងារក្នុងវិស័យកាត់ដេររបស់ប្រទេស ដែលវិស័យកាត់ដេរនេះទទួលខុសត្រូវនៃការនាំចេញរបស់ប្រទេសប្រហែល៨០ភាគរយ ខណៈដែលយីហោអ៊ឺរ៉ុបបានលុបចោលការបញ្ជាទិញសម្លៀកបំពាក់ដែលមានតម្លៃរាប់លានដុល្លារ នៅពេលដែលហាងរបស់ពួកគេត្រូវបានបិទដោយសារបញ្ហា Covid-19។ ប្រទេសបង់ក្លាដែស ដែលជាអ្នកនាំចេញកម្លាំងពលកម្មធំបំផុតមួយនៅលើពិភពលោក និងពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្ទេរប្រាក់ ក៏បានទទួលត្រឡប់មកវិញនូវពលរដ្ឋរាប់ពាន់នាក់របស់ខ្លួនពីក្រៅប្រទេសផងដែរ ដោយសារការបាត់បង់ការងារដោយសារបញ្ហា Covid-19។ រដ្ឋាភិបាល និងអ្នកជំនាញផ្សេងទៀតបាននិយាយថា ទឹកជំនន់បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង៕ ប្រភព៖ channelnewsasia.com
- ព័ត៌មានអន្តរជាតិ ២៧ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ មនុស្សប្រមាណ ៨០,០០០នាក់ នឹងត្រូវជម្លៀសចេញពីទីក្រុងដាណាង ប្រទេសវៀតណាម បន្ទាប់ពីផ្ទុះករណីឆ្លង COVID-19
(ហាណូយ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសជម្លៀសពលរដ្ឋខ្លួនចំនួន៨០.០០០នាក់ ចេញពីទីក្រុងដាណាង (Da Nang) ភាគកណ្ដាលប្រទេស ក្រោយរកឃើញករណីឆ្លង COVID-19 ចំនួន ០៣នាក់បន្ថែមទៀតលើពលរដ្ឋក្នុងតំបន់។ តាមសេចក្ដីថ្លែងការណ៏ របស់រដ្ឋាភិបាលទីក្រុងហាណូយ ការធ្វើការជម្លៀសចេញនេះ នឹងចំណាយពេលយ៉ាងតិច ចំនួន៤ថ្ងៃ ដោយមានការសហការជាមួយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ដើម្បើធ្វើប្រតិបត្តិការហោះហើរប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃពីក្រុងដាណាង ទៅក្រុងចំនួន ១១នៃប្រទេសវៀតណាម។ គិតមកត្រឹមពេលនេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបកើនដល់ ៤២០ករណី ក្នុងនោះ ៣៦៥នាក់ជាសះស្បើយ ដោយគ្មានករណីស្លាប់ឡើយ ៕ ប្រភព៖ Dailymail
- ព័ត៌មានអន្តរជាតិ ២៤ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុកនៅភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន
ប្រទេសជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងកំពុងបោកបក់ផ្នែកខ្លះនៃភាគខាងជើងគ្យូស៊ូ។ មន្រ្តីអាកាសធាតុព្រមានថា តំបន់ជាច្រើននៅភាគខាងលិច និងភាគខាងកើតនៃប្រទេសក៏អាចរងការវាយប្រហារផងដែរនៅថ្ងៃអាទិត្យនេះ។ ទីភ្នាក់ងារឧតុនិយមបាននិយាយថា រដូវភ្លៀងដែលកំពុងអុសបន្លាយ និងប្រព័ន្ធសម្ពាធទាប កំពុងធ្វើឱ្យស្ថានភាពបរិយាកាសមិនស្ថិតស្ថេរនៅភាគខាងលិចប្រទេសជប៉ុន។ ហានិភ័យនៃការបាក់ដីបានកើនឡើងនៅផ្នែកខ្លះនៃខេត្តអ៊ីអូតា និងហ្វូគូគូ។ ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ កម្ពស់ទឹកភ្លៀង ៣០០ មីល្លីម៉ែត្រត្រូវបានព្យាករណ៍នៅ Kyushu ២៥០ មីល្លីម៉ែត្រនៅ Shikoku ២០០ មីល្លីម៉ែត្រនៅ Chugoku និង ១០០ មីល្លីម៉ែត្រនៅតំបន់ Kinki, Hokuriku និង Tokai ។ មន្រ្តីអាកាសធាតុកំពុងជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នចំពោះការបាក់ដី ទឹកជំនន់ទន្លេ និងទឹកជំនន់នៅតំបន់ទំនាប។ ពួកគេក៏ព្រមានផងដែរអំពីស្ថានភាពរន្ទះបាញ់ និងខ្យល់បក់បោកភ្លាមៗ រួមទាំងព្យុះកំបុតត្បូង៕ ប្រភព៖ www3.nhk.or.jp
- ព័ត៌មានជាតិ ២៤ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ប្រទេសចិនប្រុងប្រៀបចំពោះផលប៉ះពាល់ បន្ទាប់ពីទឹកជំនន់ដ៏ធំនៅឯទំនប់ទាំង៣ (Georges Dams)
ទឹកជំនន់ទ្រង់ទ្រាយធំលើកទី ២ នៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសចិនត្រូវបានគេរំពឹងថានឹងបង្កើនហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ដោយសារភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ៤៥ លាននាក់នៅក្នុងប្រទេស និងយ៉ាងហោចណាស់មានមនុស្សចំនួន ១៤២ នាក់បានស្លាប់ ឬបាត់ខ្លួន។ ក្រសួងធនធានទឹកចិនបាននិយាយនៅម៉ោង ៨ ព្រឹក កាលពីថ្ងៃពុធថា ផ្នែកសំខាន់មួយកន្លែងនៃទន្លេយ៉ាងសេ និងតំបន់ផ្សេងៗទៀតមានចំនួនទឹកឡើងខ្ពស់ជាងកម្រិតទឹកជំនន់។ ក្រសួងក៏បាននិយាយផងដែរថា ទន្លេចំនួន ៩៣ បានលើសកម្រិតកំណត់ទឹកជំនន់ ហើយពួកគេកំពុងត្រួតពិនិត្យអាងស្តុកទឹកបី ដែលស្ថិតនៅផ្នែកខាងលើនៃទន្លេយ៉ាងសេ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបាននិយាយនៅសប្តាហ៍នេះថា ប្រជាជនជាង ៤.៥០០ នាក់នៅក្នុងខេត្តជាំងស៊ី អានហួយ និងខេត្តដទៃទៀតត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារទឹកជំនន់ និងយ៉ាងហោចណាស់ផ្ទះ ៣៥.០០០ ខ្នងបានដួលរលំ ធ្វើឲ្យទំហំនៃការខូចខាតដោយផ្ទាល់ជិត ២៣ ពាន់លានដុល្លារ៕ ប្រភព៖ www.upi.com
- ព័ត៌មានអន្តរជាតិ ២២ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ គណៈកម្មាធិការស្តីពីការបន្ធូរបន្ថយការរឹតត្បិតរស្នើពន្យាពេលក្នុងការបើកប្រទេស
ប្រទេសថៃ៖ នៅថ្ងៃពុធនេះ គណៈកម្មាធិការស្តីពីការបន្ធូរបន្ថយការរឹតត្បិតរស្នើពន្យាពេលក្នុងការបើកប្រទេសមួយខែបន្ថែមទៀត រហូតដល់ចុងខែសីហា ដោយហេតុផលពីភាពមិនច្បាស់លាស់នៃមេរោគCovid-19។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិលោកឧត្តមសេនីយ៍ Somsak Rungsita ដែលជាប្រធានគណៈកម្មាធិការនេះ នឹងផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលស្ថានភាពរដ្ឋបាល Covid-19 នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធនេះ។ អាជ្ញាធរត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ទាហានអេហ្ស៊ីបម្នាក់ ដែលឆ្លងមេរោគនៅខេត្តរ៉ាក់យ៉ង និងកូនស្រីរបស់អ្នកការទូតស៊ូដង់នៅទីក្រុងបាងកក ក៏ដូចជាការបើកសាលារៀនឡើងវិញ នេះបើយោងតាមប្រសាសន៍លោកឧត្តមសេនីយ៍ Natthaphol Nakpanich មេបញ្ជាការរងកងទ័ព និងជាអនុប្រធាន គណៈកម្មាធិការកាលពីថ្ងៃអង្គារ។ លោកបានទទូចថាការស្នើសុំបន្តពន្យារពេលនេះមិនមែនជារឿងនយោបាយនោះទេ ទោះបីមានការប្រមូលផ្តុំគ្នាតវ៉ាក៏ដោយ។ លោកឧត្តមសេនីយ៍ Natthaphol បានមានប្រសាសន៍ថា ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភ គណៈកម្មាធិការនឹងស្នើថា អនុក្រឹត្យបន្ទាន់ផ្នែកទី៩(២) នឹងមិនត្រូវប្រើដើម្បីគ្រប់គ្រងការប្រមូលផ្តុំនយោបាយណាមួយឡើយ។ លោកបានបន្ថែមថា ច្បាប់ធម្មតា ដូចជាច្បាប់ស្តីពីការប្រមូលផ្តុំសាធារណៈ និងច្បាប់ស្តីពីជំងឺឆ្លងនឹងត្រូវយកមកប្រើប្រាស់ ដើម្បីដោះស្រាយជាមួយនឹងការប្រមូលផ្តុំនយោបាយ៕ ប្រភព៖ bangkokpost.com
- ព័ត៌មានអន្តរជាតិ ២២ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ មនុស្សរហូតដល់ទៅ ១៦ នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារ នៅក្នុងគេហដ្ឋានបុណ្យសពមួយកន្លែងនៅទីក្រុងឈីកាហ្គោ
សហរដ្ឋអាមេរិក៖ សេចក្តីរាយការណ៍ក្រៅផ្លូវការពីកន្លែងកើតហេតុបានឲ្យដឹងថា មនុស្ស ១៦ នាក់ត្រូវបានរងរបួសនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារ នៅសង្កាត់ Auburn Gresham ទីក្រុងឈីកាហ្គោកាលពីល្ងាចថ្ងៃអង្គារ។ អ្នកយកព័ត៌មាន CBS Chicago លោក Jermont Terry បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់ត្រូវបានវាយប្រហារនៅក្នុងការបាញ់ប្រហារដ៏ធំនេះ។ នាយកដ្ឋានអគ្គិភ័យទីក្រុងឈីកាហ្គោបានប្រកាសនៅល្ងាចថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន ១១ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតំបន់ – ទាំងអស់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលីសមិនទាន់ប្រកាសពីចំនួនប៉ាន់ស្មាននៃអ្នកបាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍នេះនៅឡើយទេ ហើយក៏គ្មានការចាប់ខ្លួនណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈដែរ៕ ប្រភព៖ sputniknews.com
- ព័ត៌មានអន្តរជាតិ ២២ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ យោធាអេហ្ស៊ីបបានរារាំងការវាយប្រហាររបស់ក្រុមភេរវករ ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៨ នាក់នៅភាគខាងជើងទីក្រុងស៊ីណាយ
ទីក្រុងខៃរ៉ូ៖ អ្នកនាំពាក្យយោធាលោក Tamer Rifai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបបានរារាំងការវាយប្រហារភេរវកម្មនៅភាគខាងជើងទីក្រុងស៊ីណៃ និងបានសម្លាប់ភេរវករ ១៨ នាក់ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខ។ យោងតាមអ្នកនាំពាក្យបានអោយដឹងថាទាហានអេហ្ស៊ីបពីរនាក់ត្រូវបានសម្លាប់និង ៤ នាក់ផ្សេងទៀតបានរងរបួសក្នុងកំឡុងពេលប្រតិបត្តិការនេះ។ គួររំលឹកផងដែរថា កាលពីខែឧសភាកន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធជាតិបានសម្លាប់សកម្មប្រយុទ្ធ ១៩ នាក់ក្នុងកំឡុងពេលនៃការវាយឆ្មក់ជាច្រើនដោយមានទាហាន ៥ នាក់បានស្លាប់ និងរងរបួស។ ភាគខាងជើងនៃឧបទ្វីបស៊ីណៃគឺជាតំបន់ដែលមានភាពតានតឹងបំផុតរបស់អេហ្ស៊ីបជាយូរមកហើយ ដោយសារតែវត្តមានរបស់ក្រុមជ្រុលនិយម ដែលតែងតែធ្វើការវាយប្រហារប្រឆាំងនឹងប៉ូលីស និងកងទ័ពនៅលើឧបទ្វីបនេះ។ យោធាអេហ្ស៊ីបបានដឹកនាំប្រតិបត្តិការប្រឆាំងភេរវកម្មទ្រង់ទ្រាយធំនៅក្នុងតំបន់នេះអស់រយៈពេលជាងពីរឆ្នាំហើយ៕ ប្រភព៖ sputniknews.com
- ព័ត៌មានអន្តរជាតិ ២១ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ទឹកជំនន់បំផ្លាញប្រទេសឥណ្ឌា បង់ក្លាដែស និងនេប៉ាល់
ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងជោគជាំក្នុងរដូវវស្សា កំពុងបង្កការជន់លិចរាលដាល និងបណ្តាលឲ្យបាត់បង់អាយុជីវិតនៅប្រទេសឥណ្ឌា មនុស្សជាង ៨០នាក់ បានស្លាប់នៅក្នុងរដ្ឋអាសាម ចាប់តាំងពីខ្យល់មូសុងបានចាប់ផ្តើម។ គ្រោះមហន្តរាយនេះកើតឡើង ចំពេលដែលប្រទេសឥណ្ឌាកំពុងប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងមេរោគ Covid-19។ អាជ្ញាធរនៅរដ្ឋអាសាម បាននិយាយថា ទឹកបានជន់លិចភូមិ និងអាគារជាច្រើននៅតំបន់ធំៗ មនុស្សចំនួន ៨៤នាក់ ត្រូវបានសម្លាប់ និងផ្ទះរាប់ពាន់ត្រូវបានទឹកនាំទៅ ហើយមនុស្សចំនួន ២,៥ លាននាក់បានរងផលប៉ះពាល់។ រដ្ឋាភិបាលបានបើកជំរំផ្តល់ជំនួយជាង ៥០០កន្លែង ដែលកំពុងផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនចំនួន ៥១.០០០នាក់។ ក្រុមមន្រ្តីក៏បានណែនាំឱ្យក្រុមអ្នកជម្លៀសចេញ ចាត់វិធានការគម្លាតសង្គម ដើម្បីការពារការរីករាលដាលនៃមេរោគ Covid-19 ដងដែរ។ រដ្ឋអាសាមបានរងគ្រោះពីរលកទឹកជំនន់ចំនួនបីលើករួចទៅហើយ ចាប់តាំងពីខែឧសភា ប៉ុន្តែរដូវវស្សាទំនងជានឹងបន្តយ៉ាងហោចណាស់បីខែទៀត។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសបង់ក្លា ដែសបានរាយការណ៍ថាភ្លៀងក៏កំពុងបង្កការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសជិតខាងផងដែរ ប្រជាជនជាងមួយលាននាក់ ត្រូវបានរងផលប៉ះពាល់។ នៅក្នុងប្រទេសនេប៉ាល់ មនុស្ស ១៣៤នាក់ បានស្លាប់ដោយសារទឹកជំនន់និងការរលំបាក់ដី៕ ប្រភព៖ www3.nhk.or.jp
- ព័ត៌មានអន្តរជាតិ ១៧ កក្កដា ២០២០
ព័ត៌មានអន្តរជាតិ៖ ប៉ូលិសកាណាដាបាញ់សម្លាប់បុរសម្នាក់នៅក្នុងឧប្បត្តិហេតុរឿងម៉ាស់ការពារ
ទីក្រុងម៉ុងទ្រីអាល់៖ ទូរទស្សន៍CBCបានផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែកក្កដានេះថា បុរសអាយុ ៧៣ឆ្នាំ ម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅប្រទេសកាណាដា តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគាត់បដិសេធមិនពាក់ម៉ាសមុខនៅក្នុងហាងលក់ទំនិញមួយកន្លែង។ ប៉ូលិសបាននិយាយថា បុរសនោះត្រូវបានគេចោទប្រកាន់ថាបានវាយប្រហារបុគ្គលិកហាងលក់គ្រឿងទេសម្នាក់កាលពីថ្ងៃពុធ បន្ទាប់ពីគាត់ត្រូវបានស្នើសុំអោយអនុវត្តតាមច្បាប់ស្តីពីការពាក់ម៉ាស់មុខ ដើម្បីបន្ថយការរីករាលដាលនៃមេរោគCovid-19។ យោងតាមបុគ្គលិកម្នាក់នៅហាងនៅមីនដិន ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ខាងជើងទីក្រុងតូរ៉ុនតូ បានឲ្យដឹងថា បុរសរូបនោះបានប្រកែកមិនព្រមពាក់ម៉ាស ហើយបានរត់គេចខ្លួន បន្ទាប់ពីមានហេតុការណ៍វាយប្រហារកើតឡើង។ ប៉ូលិសត្រូវបានហៅ និងមកដល់ហាងទំនិញ ប៉ុន្តែមិនបានបញ្ឈប់រថយន្តរបស់ជនសង្ស័យឡើយ ដោយផ្អែកលើហេតុផល “ដើម្បីផលប្រយោជន៍ និងសុវត្ថិភាពសាធារណៈ។ ផ្ទុយទៅវិញ ពួកគេបានប្រើស្លាកលេខរបស់ជនសង្ស័យដើម្បីកំណត់រកផ្ទះរបស់គាត់។ ប៉ូលិសពីរនាក់បានពាក់ព័ន្ធនៅក្នុងការបាញ់ប្រហារនេះ ដែលត្រូវបានបញ្ជាក់ដោយការស៊ើបអង្កេតឯករាជ្យ។ យោងតាមសេចក្តីថ្លែងការណ៍មួយពីអង្គភាពស៊ើបអង្កេតពិសេសរបស់រដ្ឋ Ontario បានអោយដឹងថា បុរសនោះបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អត្តសញ្ញាណបុរសនោះនៅមិនទាន់ដឹងនៅឡើយទេ។ អង្គភាពស៊ើបអង្កេតពិសេសបាននិយាយថា “ពីកន្លែងកើតហេតុកាំភ្លើងវែងពាក់កណ្តាលស្វ័យប្រវត្តិនិងកាំភ្លើងខ្លីមួយដើមត្រូវបានគេប្រមូលទុក រួមទាំងអាវុធរបស់មន្ត្រីប៉ូលិសពីរនាក់”៕ ប្រភព៖ www.channelnewsasia.com